ព្រះវិហារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភាឆ្នាំ២០២០នេះ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ អមដំណើរដោយ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ និងក្រុមការងារបាននាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង អ្នករស់នៅជាមួយមេរោគអេដស៍ កុមារកំព្រា សរុបចំនួន១០៨គ្រួសារ៖ នៅឃុំម្លូព្រៃមួយចំនួន៤៥គ្រួសារ, ឃុំម្លូព្រៃពីរចំនួន៣០គ្រួសារ, ឃុំសង្កែពីរចំនួន៣៣គ្រួសារ ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។នាឱកាសនោះ ឯកឧត្តមប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជានិច្ច “ពោលគឺទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ឯកឧត្តម ក៏បានណែនាំឲ្យថែរក្សាសុខភាព ត្រូវមានអនាម័យ និងលាងសម្អាតដៃជាមួយសាប៊ូឱ្យបានជាប់ជាប្រចាំ ចូលរួមការពារ ទប់ស្កាត់មេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។អំណោយដែលផ្តល់ជូននាឱកាសនោះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៉ីវ១យួរ និងថវិកាចំនួន ២០,០០០រៀល។
– ក្នុងនោះគ្រួសារអាទិភាពចំនួន១០គ្រួសារទទួលបានបន្ថែមនូវ៖ សារុង១, ភួយ១, ក្រមា១, មុង១ និងថវិកា ២០០,០០០រៀល។
– ប្រគេនព្រះសង្ឃ៖ អង្ករ២បេ, មី២កេស, ត្រីខ២យួរ, ទឹក២កេស, ទឹកផ្លែឈើ២កេស, ថវិកា ២០០,០០០រៀល និងយាយជីតាជី០៤នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ២០,០០០រៀល៕