ខេត្តពោធិ៍សាត់៖ ផ្ទះសម្បែងប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវខ្យល់កួចហោះចេញពីលើជើងសសរ និង ១ខ្នងទៀតរងការខូចខាតបុើងដំបូល នៅគ្រាដែលមានធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់កន្រ្តាក់យ៉ាងខ្លាំង ។ហេតុការណ៍៍គ្រោះធម្មជាតិខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចត្នោតគម.អូររំដេង និងអូរបត់ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។របាយការណ៍នគរបាលស្រុកក្រគរ បានឲ្យដឹងថា ផ្ទះសម្បែងប្រជាពលរដ្ឋដែលរងការខូចខាតមានទំហំ ៤ម៉ែត្រ គុណនឹង៦ម៉ែត្រ និង៥ម៉្រែត្រ គុណនឹង៦ម៉ែត្រ ភាគច្រើនដំបូលប្រក់ហ្វីប្រូសុីម៉ងត៍ ជញ្ជាំងបាំងក្ដារនិងសង្ក័សីរនាប ក្រាលក្ដារ ។របាយការណ៍នគរបាលស្រុកក្រគរដដែលបន្តទៀតថា ផ្ទះចំនួន ៣ខ្នងដែលរលំធ្លាក់ពីលើជើងសសរដល់ដីមិនអាចជួសជុលបាន ទេគឺខូចខាតទាំងស្រុងនិង១ខ្នងផ្សេងទៀតរងការខូចខាតបុើងដំបូល រួមទាំងដួលរលំដើមឈើផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក្ដីពុំបង្កការរងរបួសដល់មនុស្សឬសត្វឡើយ។ ករណីខាងលើអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន បានសហការគ្នាចុះធ្វើកំណត់ហេតុដើម្បីធ្វើរបាយការណ៍ជូនថ្នាក់លើ បានជ្រាបនិងជួយដល់គ្រួសារជនរងគ្រោះទាំង៤ផ្ទះ៕