ខេត្តកំពង់ធំ៖ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលតាមរយៈក្រសួងការពារជាតិ យោធិននារីក្នុងកងយោធពលខេមរភមិន្ទ នៅពេលសម្រាលកូន ត្រូវបានទទួលថវិកាចំនួន ៨០០,០០០រៀល និងបានអនុញ្ញាតច្បាប់ឈប់សម្រាកការងាររយៈពេលបីខែ ដើម្បីថែរក្សាសុខភាពនិងមើលថែទាំកូន។
ជាកស្តែង ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និង ក្រុមការងារយេនឌ័រ បានអញ្ជើញប្រគល់ថវិកា ជូនយោធិននារី គឺលោកស្រីព្រិន្ទបាលឯក សោម ស៊ុនដាវី ជំនួយការផ្នែកវិស្វកម្ម នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ១លានរៀល ដែលបានសម្រាកលំហែមាតុភាព ក្នុងនោះមាន ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពាជាតិ ចំនួន៨០០,០០០រៀល និងថវិកាក្រុមការងារយេនឌ័រនៃ ២០០,០០០រៀល នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០ ដោយបាន អនុវត្តតាមការណែនាំ របស់ឯកឧត្តម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងក្រុមការងារយេនឌ័រយោធភូមិភាគទី៤។
លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជម្រាបជូនអំពីគោលការណ៍នៃការផ្ដល់ប្រាក់ឧបត្ថម្ភរបស់ក្រុមការងារយេនឌ័រជូនដល់យោធិននារីដែលជួបនូវការលំបាកដោយប្រការផ្សេងៗ ពិសេសការផ្ដល់ជូនចំពោះយោធិននារីគ្រប់រូប ដែលបានសម្រាកលំហែមាតុភាព។
លោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានលិខិតជូនដំណឹងលេខ០៣៩/១៨ របស់អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុនៃក្រសួងការពារជាតិស្ដីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលំហែរមាតុភាពជូនយោធិននារី នៃកងយោពលខេមរភូមិន្ទ។
លោកស្រីព្រឹន្ទបាលឯក សោម ស៊ុនដាវី បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ដែលមានគោលនយោបាយមនុស្សធម៌ ឧបត្ថម្ភសម្រាប់យោធិននារី ក្នុងកងយោធពលខេមរៈភូមិន្ទ ដែលបានសម្រាកលំហែមាតុភាព និងសូមអរគុណចំពោះក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់យោធិននារីទាំងអស់ក្នុងអង្គភាពនៅក្រោយពេលសម្រាលបុត្ររួច។
ដោយ ប៊ុន រដ្ឋា