ខេត្តកំពង់ធំ ៖ សាលាដំបូង និងអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ បានកិច្ចប្រជុំលើកទី១ ជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៌ ដែលកំពុងតែបំរើការងារ នៅក្នុងខេត្តកំពង់ធំ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងបញ្ហាកកស្ទះ សំណុំរឿង និងពន្លឿនសេវាកម្មយុត្តិធម៌ ជូនបងប្អូនប្រជាពលរដ្ឋ ពិធីនេះ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី ២៥ខែឧសភា ឆ្នាំ ២០២០។
កិច្ចប្រជុំមន្រ្តីនគរបាលយុត្តធម៌ ស្ថិតក្រោមអធិបតីភាព លោក លាង សួគ៌ ប្រធានសាលាដំបូង ខេត្តកំពង់ធំ និងលោក ស៊ីន វិរះ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ទោ អ៊ុកកុសល ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងលោក ឧត្តម សេនីយ៍ ត្រី ហង្ស.ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ.រួមទាំងចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ចូលរួម ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ និងការកកស្ទះសំណុំរឿង ពង្រឹងផ្លូវច្បាប់ ដល់មន្ត្រីនគរបាលយុត្តិធម៌ , ដែលមានសមាសភាពចូលរួម មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ធំ និងសមត្ថកិច្ចប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
លោក.ស៊ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជម្រុញពង្រឹងកិច្ចការកកស្ទះសំណុំរឿងនៅតុលាការ ត្រូវមានយុទ្ធនាការដោះស្រាយសំណុំរឿងដែលជាបញ្ហាប្រឈម នៅតាមសាលាដំបូងរាជធានីខេត្ត និងពន្លឿនការរក យុត្តិធម៌ឲ្យបានឆាប់រហ័ស និងលើកកម្ពស់សមត្ថភាព ស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ ដោះស្រាយ ការចង្អៀតណែននៃអ្នកជាប់ឃុំនៅតាមពន្ឋនាគារ ។
លោក លាង.សួគ៌ ប្រធានសាលាដំបូងខេត្តកំពង់ធំ.បានណែនាំ និងសំណូមពរដល់មន្រ្តីនគរបាលយុត្តិធម៌ អោយចូលរួមពង្រឹងការអនុវត្តច្បាប់ និងរក្សាភាពយុត្តិធម៌ រួមទាំងដោះស្រាយជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស លើការកកស្ទះសំណុំរឿង និងអនុវត្តអភិក្រមទាំង២ របស់ក្រសួងយុត្តិធម៌ ទី១ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវអនុវត្តដោយផ្អែកលើមូលដ្ឋាន ឲ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវស្របច្បាប់ បទដ្ឋាន គតិយុត្តជាធរមាន ក្រសួងដាក់ចេញសេចក្តីណែនាំផ្នែលផ្លូវច្បាប់ និងធានាការដល់ការអនុវត្តអភិក្រមនេះ យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង ត្រូវមានភាពយុត្តិធម៌ សុចរិតភាព ភាពត្រឹមត្រូវ ដោយមិនឲ្យមានជាដាច់ខាត នូវស្ថានភាព ត្រីងៀតឆ្លៀតពង ក្នុងយុទ្ធនាការ។
មន្រ្តីនគរបាលយុត្តិធម៌ គ្រប់អង្គភាពបានប្តេជ្ញាចិត្ត ចូលរួមក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងបំរើសេវាកម្មយុត្តិធម៌ ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការ បើកកិច្ចប្រជុំរបស់សាលាដំបូង អយ្យការសាលាដំបូង ខេត្តកំពង់ធំ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមនានាផងដែរ ។
ដោយ ប៊ុន រដ្ឋា