ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានចុះពិនិត្យ និងណែនាំអោយម្ចាស់ស្ថានីយ៍ហ្គាស សូ សារ៉ាត់ ធ្វើការរុះរើសំណង់ និងកាយយកអាចម៌ដីចេញ ដែលបានរំលោភលើដីចំណីអូរសាធារណៈ របស់រដ្ឋធ្វើជាកម្មសិទ្ធ ដោយអនុវត្តទៅតាមឧិសានុវាទ អោយបានត្រឹមត្រូវ !

ខេត្តព្រះវិហារ៖ អភិបាលរងខេត្ត និងជាអនុគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តព្រះវិហារ លោក ស៊ូ សិរី ក្រោមការអនុញ្ញាតពី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ លោកបានកោះហៅ ប្រធានការិយាល័យភូមិបាលស្រុកជាំក្សាន្ត ចូលរួមពិនិត្យ និងណែនាំទៅដល់ម្ចាស់ស្ថានីយ៍ហ្គាស សូ សារ៉ាត់២ ត្រូវបញ្ឈប់ជាបន្ទាន់ នូវការសាងសង់សំណង់ រំលោភលើដីចំណីអូរសាធារណៈ ហើយត្រូវរុះរើសំណង់ និងកាយយកអាចម៌ដីចេញ តាមការកំណត់របស់បណ្ណសម្គាល់សិទ្ធិ កាន់កាប់អចលនវត្ថុរបស់ខ្លួន ដើម្បីចូលរួមចំណែក ថែរក្សា ការពារទ្រព្យសម្បត្តិរដ្ឋ អោយបានគង់វង្ស រក្សាអោយមានសោភ័ណ្ឌភាព និងទុកជាប្រយោជន៍សាធារណៈ។
ការអញ្ជើញចុះពិនិត្យ និងណែនាំដល់ម្ចាស់ស្ថានីយ៍បញ្ចូលហ្គាស សូ សារ៉ាត់ ២ នោះ គឺគឺបានធ្វើឡើងកាលពីថ្ងៃ អាទិត្យទី២៤ឧសភាឆ្នាំ២០២០ ចុងសប្តាហ៍មុននេះ ស្ថិតនៅក្នុងភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។នៅក្នុងការចុះពិនិត្យនោះទៀត ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីភូមិបាលស្រុកជាំក្សាន្ត បានសង្កេតឃើញថា ម្ចាស់ស្ថានីយ៍ហ្គាស សូ សារ៉ាត់២ បានអនុវត្តតាមការជូនដំណឹងរបស់ អាជ្ញាធរមូលដ្ឋាន បានមួយជំហ៊ានហើយ ដោយបានអនុវត្តកាត់សំយ៉ាប ដែលបានសាងសង់រំលោភលើដីចំណីអូរសាធារណៈ តែមិនទាន់បាន១០០ភាគរយនោះទេ។ រីឯការកាយយកអាចម៌ដីចេញនោះ ក៏មិនទាន់បានអនុវត្តនោះដែរ ដោយម្ចាស់ស្ថានីយ៍នេះ លើកហេតុផលថា មិនទាន់រកជួលគ្រឿងចក្រ ជាង និងកម្មករ សម្រាប់កាយយកអាចម៌ដីចេញបាននៅឡើយ ដោយសារវិបត្តិកូវីដ១៩។
អភិបាលរងខេត្តព្រះវិហារ លោក ស៊ូ សិរី បានមានប្រសាសន៍ថា ក្រោមការបញ្ជារបស់ អភិបាលខេត្ត លោក ប្រាក់ សុវណ្ណ អនុញ្ញាតអោយលោក សហការណ៍ធ្វើការជាមួយអាជ្ញាធរស្រុក ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហា « ការសាងសង់សំណង់រំលោភលើដីចំណីអូរសាធារណៈរបស់រដ្ឋ ពីម្ចាស់ស្ថានីយ៍ហ្គាស សូ សារ៉ាត់២ »។ ហើយនៅកន្លងទៅថ្មីៗនេះ អាជ្ញាធរបានធ្វើកិច្ចសន្យា ជាមួយម្ចាស់ស្ថានីយ៍បញ្ចូលហ្គាស « សូ សារ៉ាត់ ២ » គឺតម្រូវអោយរុះរើចេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ទៅតាមកាលកំណត់។ ប៉ុន្តែ ម្ចាស់ស្ថានីយ៍ បានធ្វើម្តងមួយដំណាក់កាល ដោយទី១ គាត់បានកាត់ដំបូលមួយផ្នែកហើយ និងដំណាក់កាលទី២ ដោយសារអត់មានគ្រឿងចក្រ និងក៏កំពុងរកគ្រឿងចក្រ ដើម្បីកាយដីឡើងមកវិញ ហើយនឹងរៀបរបងនៅពេលក្រោយ។ លោកបានបន្តថា នៅប៉ុន្មានថ្ងៃកន្លងមកនេះ លោកបានឃើញព័ត៌មានមួយចំនួន ចុះបំភ្លើសពាក្យថា «ម្ចាស់ស្ថានីយ៍ហ្គាស សូ សារ៉ាត់ ២» អត់ទាន់បានធ្វើអ្វីទាំងអស់ តែតាមជាក់ស្តែង គាត់បានដកចេញតាមច្បាប់ភូមិបាល ដែលបានចេញប្លង់រឹងអោយគាត់ អញ្ចឹងអ្វីដែលពាក់ព័ន្ធ គឺនៅតែដីទេ ដែលត្រូវយកអ៊ិចមកកាយឡើងវិញ។ ដូច្នេះ ឃើញថា ម្ចាស់ស្ថានីយ៍បានអនុវត្ត តាមបទបញ្ជារបស់អាជ្ញាធរហើយ។ លោកបន្តថា អ្នកសារព័ត៌មានមួយចំនួន និយាយមិនមានការពិត ហើយមិនហ៊ានមកនោះទេ ដោយយករូបភាពចាស់ពីមុនមក ដែលអាជ្ញាធរមិនទាន់បានសម្របសម្រួលជាមួយ « ម្ចាស់ស្ថានីយ៍ » យកមកផ្សាយទៅជារឿងថ្មី តែជារូបភាពចាស់ដែលមិនទាន់កាត់ដំបូល ធាតុពិតគាត់បានអនុវត្តតាមការណែនាំ និងតាមកិច្ចសន្យារបស់អាជ្ញាធរ មួយជំហ៊ានហើយដែរ។ លោក ស៊ូ សិរី បានច្រាលចោល រាល់ការចុះផ្សាយរបស់អ្នកសារព័ត៌មានមួយចំនួន ថាជារឿងមិនពិត ប៉ុន្តែ លោកបានស្នើអោយមានការសហការល្អ ពីអ្នកសារព័ត៌មាន ដើម្បីអនុវត្តច្បាប់ទាំងអស់គ្នា ហើយសូមកុំគិតថា អាជ្ញាធរកាន់ជើងប្រជាពលរដ្ឋ បើពលរដ្ឋណាមិនអនុវត្តច្បាប់ គឺត្រូវតែណែនាំជាមុនសិន មុននឹងមានចំណាត់ការ និងដើម្បីអោយការងារនេះដើរទៅមុខ លុះត្រាណាអ្នកសារព័ត៌មាន និងអាជ្ញាធរ ត្រូវសហការគ្នា ជៀសវាងចុះផ្សាយបំភ្លៃការពិត ហើយវាយប្រហារទៅលើអាជ្ញាធរ ថាមិនគិតគូ ធាតុពិតយើងគិតគូរណាស់ច្បាប់ ស្តីពីចំណីផ្លូវ អូរ បឹង យើងមានច្បាប់គ្រប់គ្រង ហើយមានទាំងក្រុមការងារស្រុក និងខេត្ត ដើម្បីចុះដោះស្រាយសម្របសម្រួល តែពេលខ្លះអ្នកសារព័ត៌មានចុះមិនពិត និងសុំអោយមានការកែតម្រូវឡើងវិញ។ លោកថា មានអ្នកសារព័ត៌មានមួយចំនួន បានចុះផ្សាយថា រូបលោកបានគម្រាមកំហែងមកលើអ្នកសារព័ត៌មាន គឺលោកមិនគម្រាមនោះទេ ហើយលោកបានស្នើអោយមានការចុះផ្សាយ នូវអ្វីដែលជាការពិត និងសុំការយោគយល់ ទុកពេលអោយម្ចាស់ស្ថានីយ៍ រកគ្រឿងចក្រមកកាយដីឡើងវិញ។ រីឯការយ៉ឺតយ៉ាវនោះ គឺដោយសារគ្មានជាង គ្មានកម្មករ និងដោយសារវិបត្តិជំងឺកូវីដ១៩ ផងដែរ។ លោកក៏បានកោតសរសើរ ដល់អ្នកសារព័ត៌មានមួយចំនួន ដែលបានចូលរួមសហការយ៉ាងល្អ ប៉ុន្តែ ពេលខ្លះក៏មានចំណុចខ្វះខាតមួយចំនួនផងទៀត ដែលតម្រូវអោយមានការកែប្រែឡើងវិញ។ លោកអភិបាលរងខេត្ត បានថ្លែងបញ្ជាក់ថា ប្រសិនបើម្ចាស់ស្ថានីយ៍ហ្គាស់ សូ សារ៉ាត់២ មិនព្រមអនុវត្តកាយដីឡើងវិញនោះទេ ក្នុងនាមអាជ្ញាធរ នឹងបន្តធ្វើការណែនាំ និងធ្វើកិច្ចសន្យាជាលើកទី២ ដោយតម្រូវអោយម្ចាស់ស្ថានីយ៍ ត្រូវតែអនុវត្តតាមការសម្រេចរបស់អាជ្ញាធរអោយខាងតែបាន។ លោកបានស្នើដល់ម្ចាស់ស្ថានីយ៍ ក៏ដូចជាប្រជាពលរដ្ឋឯទៀត នៅពេលមានការចាក់ដីលុបទៅលើចំណីអូរ ចំណីផ្លូវ និងចំណីបឹង ត្រូវអោយមានការសម្របសម្រួលតាមផ្លូវច្បាប់ ពីអាជ្ញាធរផង ពិសេស មន្ត្រីភូមិបាល ត្រូវយល់ពីច្បាប់ទាំងអស់គ្នា ព្រោះប្រទេសយើងមានច្បាប់។ លោកហាក់ដូចជាបន្ទោសផងដែរ ថាប្រជាពលរដ្ឋមួយចំនួន មិនបានស្វែងយល់ពីច្បាប់ ហើយអាជ្ញាធរ និងមន្ត្រីជំនាញ តែងបានធ្វើការផ្សព្វផ្សាយ តែពេលខ្លះប្រជាពលរដ្ឋ មិនបានយកចិត្តទុកដាក់ទាល់តែសោះ និងលោកបានស្នើដល់ប្រជាពលរដ្ឋ សូមឈប់បំពានលើច្បាប់ ហើយត្រូវគោរពច្បាប់ប្រទេសទាំងអស់គ្នា។
ម្ចាស់ដី និងជាម្ចាស់ស្ថានីយ៍ហ្គាស សូ សារ៉ាត់២ អ្នកស្រី ក្រូច ធានី បានទទួលស្គាល់ថា ពិតជាបានចាក់ដី និងសាងសង់សំណង់ លើដីចំណីអូរសាធារណៈនោះមែន ហើយខណៈនេះ អ្នកស្រីបានយល់ព្រមអនុវត្តតាមការណែនាំ និងការធ្វើកិច្ចសន្យារបស់អាជ្ញាធរ មួយជំហ៊ានហើយ ដោយបានកាត់សំយ៉ាបដំបូលរោចេញរួចរាល់ហើយ នៅតែការកាយដីឡើងវិញប៉ុណ្ណោះ ដោយសារខ្វះជាង និងគ្រឿងចក្រ ហើយអ្វីដែលបានធ្វើលើស នឹងតម្រឹមអោយមកនៅស្មើដើម ទៅតាមប្លង់បណ្ណកម្មសិទ្ធិអចលនវត្ថុ ដែលភូមិបាលបានចេញអោយ។ អ្នកស្រី បានសំណូមពរដល់អាជ្ញាធរ អោយជួយពិនិត្យមើលលើអ្នកឯទៀត ក៏មានការសាងសង់សំណង់រំលោភលើដីរដ្ឋដូចគ្នាដែរ ហើយអាជ្ញាធរក៏គួរអនុវត្តច្បាប់ ទៅលើអ្នកទាំងនោះ ដូចជារូបគាត់អញ្ចឹងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩មិនាឆ្នាំ២០២០ អាជ្ញាធរ និងមន្ត្រីជំនាញមូលដ្ឋាន បានចុះទៅពិនិត្យ និងរកឃើញថា ម្ចាស់ស្ថានីយ៍ហ្គាស សូ សារ៉ាត់២ បានចាក់ដី និងសង់រោងរំលោភលើដីចំណីអូរសាធារណៈ មានទំហំទទឹង ៤ម៉ែត្រ ៥០ និងបណ្តោយប្រវែង ១២ម៉ែត្រ ហើយអាជ្ញាធរស្រុកជាំក្សាន្ត បានចេញលិខិត ដោយកំណត់អោយមានការរុះរើសំណង់ និងកាយយកអាចម៌ដីចេញវិញ មិនអោយលើសពីថ្ងៃទី១៦ឧសភាឆ្នាំ២០២០ នោះឡើយ។
ស្របពេលជាមួយគ្នានោះ មានប្រជាពលរដ្ឋមួយគ្រួសារ បានមកស្នើអោយថ្នាក់ដឹកនាំខេត្ត ជួយដោះស្រាយបញ្ហាវិបត្តិដីធ្លី រវាងគ្រួសារពីរ « អ្នកទិញ និងអ្នកលក់ » ដែលបានទិញដីមានទំហំក្បាល ១០ម៉ែត្រកន្លះ ក្នុងតម្លៃ៣ម៉ឺនដុល្លារ ហើយអ្នកទិញបានប្រគល់លុយមុន១ម៉ឺន ៥ពាន់ដុល្លារ និងនៅខ្វះ ១ម៉ឺន ៥ពាន់ដុល្លារអាមេរិកទៀត។ ស្តី្រម្ចាស់ដីមិនត្រឹមមិនទទួលបានប្រាក់គ្រប់ចំនួននោះទេ ថែមទាំងបានរងការគម្រាមពីភាគីអ្នកទិញ និងបក្ខពួក ដោយអោយគាត់ប្រគល់ប្លង់កម្មសិទ្ធដីធ្លី« ប្លង់រឹង » អោយទៅគេ ដោយមិនទាន់ទាំងសងប្រាក់គ្រប់ចំនួននៅឡើយ។ នេះបើតាមការអះអាង របស់ភាគីអ្នកលក់។ អភិបាលរងខេត្ត លោក ស៊ូ សិរី ក្នុងនាមអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានទទួលយករឿងក្តីនោះ និងបានប្រគល់ភារកិច្ចនេះ អោយទៅប្រធានការិយាល័យភូមិបាលស្រុកជាំក្សាន្ត ជួយសម្របសម្រួល និងដោះស្រាយ ជូនពលរដ្ឋអោយបានត្រឹមត្រូវ។ លោក ស៊ូ សិរី បានបញ្ជាក់ថា បើថ្នាក់មូលដ្ឋានដោះស្រាយមិនចេញទេ ត្រូវបញ្ជូនសំណុំរឿងនេះទៅថ្នាក់ខេត្ត ដើម្បីពិនិត្យ និងដោះស្រាយជូនគាត់ អោយបានចប់សព្វគ្រប់ នាពេលខាងមុខ។ លោកអភិបាលរងខេត្ត ក៏បានទទួលយកឯកសារពាក់ព័ន្ធ នឹងការលក់ទិញដីនោះ ទុកនៅក្នុងដៃ ដើម្បីពិនិត្យ និងតាមដានលើរឿងនេះ ជាបន្តទៀត ។ លោកបានបញ្ជាក់ថា «ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺជាការខ្វល់ខ្វាយរបស់អាជ្ញាធរ » ដែលចាំបាច់ត្រូវតែដោះស្រាយ ៕