(ស្វាយរៀង)៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានមុខព្រួញខេត្តស្វាយរៀងនិងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០បានចុះត្រួតពិនិត្យការងារអនុវត្តប្រព័ន្ធស្រោចស្រពជប់ព្រីង ក្នុងមូលដ្ឋានស្រុកកំពង់រោទិ៍។លោកស្រីរដ្ឋលេខាធិការបានថ្លែងណែនាំ និងដាក់ចេញនូវវិធានការឲ្យបុគ្គលកាយដីធ្វើទំនប់ ត្រូវកាយដីចេញពីព្រែក និងអូរធម្មជាតិ ឲ្យមានស្ថានភាពដូចសភាពដើមវិញ ព្រមទាំងធ្វើកិច្ចសន្យាកាយចេញដោយខ្លួនឯង យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។ ដោយទ្បែកចំពោះការស្នើសុំជួសជុល និងអន្តរាគមន៍ក្នុងករណីខ្វះខាតទឹករបស់ប្រជាពលរដ្ឋត្រូវធ្វើសំណើពីសហគមន៍កសិករប្រើប្រាស់ទឹកមកមន្ទីរជំនាញតាមរយៈអាជ្ញាធរ ភូមិ ឃុំ ស្រុក។
សូមបញ្ជាក់ថា៖ ក្នុងឱកាសនោះក្រុមការងារបានចុះទៅពិនិត្យមើលភូមិសាស្ត្រនៃប្រព័ន្ធស្រោចស្រព ពិនិត្យមើលករណីកាយដីធ្វើទំនប់រំលោភព្រែកថ្មី ត្រង់ចំណុចអូរពាម នៅតាមព្រំដែនក្នុងប្រព័ន្ធស្រោចស្រពជប់ព្រីង ព្រមទាំងចុះពិនិត្យមើលប្រទ្បាយមេ ០១ខ្សែ ដែលបានអន្តរាគមន៍ដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រវែង ១.៨០០ម ផងដែរ។ប្រពន្ធ័ធារាសាស្ត្រជប់ព្រីង មានប្រព័ន្ធប្រទ្បាយ ប្រវែង ៥៣គ.ម ដែលមន្ទីរ និងក្រសួងធនធានទឹក និងឧតុនិយម បានជួសជុល និងចុះអន្តរាគមន៍ទាំងរដូវប្រាំង និងរដូវវស្សា ជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានជួសជុលប្រទ្បាយមេ ០១ខ្សែ ប្រវែង ៤.៧៣០ម និងសំណង់ស្ទាក់ទឹក ០៣កន្លែង និងមានគោលការណ៍ធ្វើការជួសជុលជាបន្តបន្ទាប់ទៀតផងដែរ ៕