ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ច ប្រជុំបើក យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការ ជាអុប្រធានក្រុមការងារ និង ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ អគ្គនាយកដ្ឋាន ជាអនុប្រធានក្រុមការងារ អមដោយគណៈប្រតិ ភូអមដំណើរ និងលោក តេង រតនា ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង លោក អ៉ិត សុធា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំ ពិធីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃ២៥ ខែឧសភា ឆ្នាំ២០២០ នៅក្នុងសាលប្រជុំសាលាដំបូងខេត្តកំពង់ឆ្នាំង។
ឯកឧត្តមជីវ សុងហាក់ ទទួលបន្ទុកការអនុវត្តយុទ្ធនាការនៅសាលាដំបូងខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រកាសបើកនូវកិច្ចប្រជុំ ក្នុងយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង” នៅសាលាដំបូង និងអយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំង។
លោក អ៊ិត សុធា ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានសម្តែងគារវៈកិច្ច ស្វាមគន៍យ៉ាងកក់ក្តៅចំពោះក្រសួងយុត្តិធម៌ ក្រោមការដឹកនាំរបស់ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដែលបាន យកចិត្តទុកដាក់បង្កើតគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿង ក្នុងគោលបំណងពន្លឿសេវា យុត្តិធម៌ជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័ស និងបញ្ជៀសការរាំងស្ទះសំណុំរឿង ដែលមិនបានចាត់ការ និងដោះស្រាយ មួយរយះកាលកន្លងមក ធ្វើឲ្យសំណុំរឿងកកស្ទះ នៅតាមបណ្តាសាលាដំបូង និងតាម អង្គភាព មន្រ្តីនគរបាលយុត្តិធម៌ ។
លោក តេង រតនា ប្រធានសាលា ដំបូងខេត្តកំពង់ឆ្នាំង បានសម្តែងនូវក្តីសោមមនស្សរីករាយ និងជាកិត្តិយស់ ដែលឯកឧត្តម និងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់ និងចែករំលែកនូវចំណេះដឹង ដល់មន្រ្តីអនុវត្តការងារ និតិវិធីច្បាប់ ដើម្បីជាយុទ្ធសាស្រ្តក្នុងការដោះស្រាយបញ្ហាកកស្ទះសំណុំរឿង និងបានផ្តាំផ្ញើរឲ្យមន្រ្តីទាំងអស់ យកចិត្តទុកដាក់ អនុវត្តការងារ។
ឯកឧត្តម ជីវ សុងហាក់ បានកោតសតសើរ និងវាយតំលៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងារ និងបានមានប្រសាសន៍ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយដោះស្រាយដល់បញ្ហាកកស្ទះ សំណុំរឿងនៅតុលាការខេត្តកំពង់ឆ្នាំង ក្រសួងយុត្តិធម៌ និងជ្រោមជ្រែង គាំទ្រនូវសកម្មភាពការងារ ទាំងកំលាំងចិត្ត កំលាំងកាយ និង ជួយផ្នែកបច្ចេកទេស សម្រាប់លោកចៅក្រម ព្រះរាជអាជ្ញា ព្រមទាំងក្រឡាបញ្ជី ដើម្បីដោះស្រាយបញ្ហាប្រឈមផងដែរ។
ដោយ ប៊ុន រដ្ឋា