ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋតែត្រូវបានសមត្តកិច្ចចាប់បាន

រតនគិរី ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅសង្កាត់កាចាញហើយបានរត់គេចខ្លួនមួយថ្ងៃមកសម្ងំនៅស្រុកកូនមុំ ត្រូវអស់លក្ខណ៍។

បន្ទាប់ពីជនសង្ស័យរត់គេចខ្លួនកម្លាំងអធិការក្រុងបានលុងសហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកូនមុំចុះស្រាវជ្រាវរកមុខសញ្ញាឃើញបានឃាត់ខ្លួនជនសង្ស័យភ្លាមៗ ក្នុងនោះដោយមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៤​ និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រិទ្ធ ពិសី(ហៅសី)ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបញ្ជាក់ទៀតថា ជនសង្ស័យបានលួច ទ្រព្យសម្បត្តិប្រជាពលរដ្ឋ កាលពីវេលាម៉ោង៥ និង៥០នាទី នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ នៅចំណុផ្ទះឈ្មោះ ទេព ទេពី ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្ត រតនគិរី។ សម្ភារៈដែលសមត្ថកិច្ចដកហូតបាន រួមមាន ៖ ទូរទស្សន៍ ម៉ាកសាមសុង ៣២ អិញ ពណ៌ខ្មៅ ចំនួន ១គ្រឿង, ថូផ្កាចំនួន ១គូរ និង រថយន្តចំនួន១គ្រឿង ម៉ាកកាម៉ារី ស៊េរីឆ្នាំ៩៦ ពណ៌ សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2L-9111 ជាមធ្យោបាយរបស់ជនសង្ស័យសម្រាប់ធ្វើសកម្មភាពលួច ផងដែរ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងបានលុងដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕