កីឡាករវ័យចំណាស់ Steven Gerrard បានប្រកាសថា រូបគេបានសម្រេចចិត្តចូលនិវត្តន៍ឈប់លេងបាល់ ឲ្យក្រុមជម្រើសជាតិអង់គ្លេសទៀតហើយ ។ ខ្សែបម្រើរបស់ក្លិបហង្សក្រហម Liverpool រូបនេះបានចូលលេងឲ្យជម្រើសជាតិអង់គ្លេសលើកដំបូងបំផុត ក្នុងឆ្នាំ ២០០០ ដែលកាលនោះអង់គ្លេសប្រកួតជាមួយប្រទេសអ៊ុយក្រែនហើយមកដល់ពេលនេះរូបគេចូលលេងឲ្យ អង់គ្លេសបានចំនួន១១៤ប្រកួតហើយ ។
ទោះបីជាយ៉ាងណាក៏ដោយការមិនបានចូលលេងក្នុងការប្រកួត World Cup នៅប្រទេសប្រេស៊ីលបានធ្វើឲ្យ កីឡាករវ័យ៣៤ឆ្នាំរូបនេះសម្រេចចិត្តថា នេះជាពេលដែលគាត់ត្រូវបញ្ចប់អាជីពជាមួយក្រុមជម្រើសជាតិហើយសម្លឹងទៅរកការជួយក្រុម Liverpool វិញ ។ Gerrard និយាយថា “ខ្ញុំរីករាយនឹងការចូលលេងឲ្យក្រុមជម្រើសជាតិ ខ្ញុំពិតជាមានមោទនភាពណាស់ដែលបានពាក់អាវអង់គ្លេស ហើយពេលនេះខ្ញុំបានសម្រេចចិត្តហើយថា ខ្ញុំនឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិ” ។ គួរបញ្ជាក់ថា Gerrard ធ្លាប់ធ្វើជាប្រធានក្រុមអង់គ្លេសចំនួន៣៨លើកហើយធ្លាប់ស៊ុតបញ្ចូលទីបាន២១គ្រាប់ ៕