ខេត្តកំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងថ្នាក់ដឹកនាំ បានអញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ ឆៃ មុន្នី អាយុ៤៨ ឆ្នំា មេបញ្ជាការរងផ្នែក សឹករងតាំងគោក ដែលបានទទួលគ្រោះថ្នាក់ចរាចរ នៅវេលាម៉ោង៥,៣០នាទីកាលពីព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០២០ ។
ពិធីសួរសុខទុក្ខ នាយទាហាន នៃផ្នែកសឹករងតាំងគោក បានធ្វើឡើង នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយក ថវិកាចំនួន១,៣០០,០០០ រៀល យកទៅឧបត្ថម្ភ ជូនយោធិនដែលរងគ្រោះដោយសារ គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបាក់ឆ្អឹងដងកាំបិត និងបាក់ឆ្អឹងជំនីរ ៥ បន្ទះ ក្នុងពេលបំពេញបេសកកម្ម និងត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាលរបួស នៅមន្ទីរពេទ្យព្រះកេតុមាលា ។
តែបច្ចុប្បន្នលោកឆៃ មុន្នី បានចេញពីមន្ទីរពេទ្យ មកសម្រាកព្យាបាល នៅគេហដ្ឋាន នៅភូមិថ្នល់ថ្មី ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយត្រូវឡើងទៅជួប តាមការកំណត់របស់លោកគ្រូពេទ្យក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារបានជួយឧបត្ថម្ភថវិកា ចំនួន ១,៣០០,០០០ រៀល ដើម្បីសម្រួលដល់ការលំបាក ខ្វះខាតក្នុងការព្យាបាលរបួសជំងឺ ។
លោកអនុសេនីយ៍ទោ ឆៃ មុន្នី មានចិត្តរំភើប រកអ្វីមកប្រៀបផ្ទឹមពុំបាន និងថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅ ជាទីបំផុត ចំពោះកាយវិការ និងទឹកចិត្តសប្បុរសធម៌ របស់ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់យោធិនក្រោមឱវាទ និងអតីតយុទ្ធជន រួមទាំងប្រជាពលរដ្ឋ ដែលរស់នៅគ្រប់ទីកន្លែងនៅខេត្តកំពង់ធំ ។
ដោយ ប៊ុន រដ្ឋា