កំពង់ចាម: ឯកឧត្តម លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងជាទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយក្រុមការងារបច្ចេកទេសក្រសួង ដោយមានការចូលរួមពី លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម និងមន្រ្តីបច្ចេកទេស នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចុះធ្វើបច្ចុប្បន្នប្រពន្ធ័ធារាសាស្រ្ត CISIS MOWRAM នៅភូមិសាស្រ្តខេត្តកំពង់ចាម ដេីម្បីនាំយកប្រភពទឹកផ្តល់ជូនប្រជាកសិករប្រេីប្រាស់ក្នុងការបង្កបង្កើនផលដំណាំស្រូវ ឬដំណាំរួមផ្សំ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានឲ្យដឹងថា ប្រព័ន្ធធារាសាស្ត្រដែលបានចុះធ្វើបច្ចុប្បន្នភាពនេះ រួមមាន៖ ប្រព័ន្ធធារាសាស្ត្រ ៧មិនា ស្ថិតនៅក្នុងឃុំជាលា ស្រុកបាធាយ ប្រព័ន្ធធារាសាស្ត្រ អាងទឹកឆា ស្ថិតនៅក្នុងឃុំក្រូច និងឃុំបឹងណាយ ស្រុកព្រៃឈរ និងប្រព័ន្ធធារាសាស្ត្រ អាងទឹកថ្មដា ស្ថិតនៅក្នុងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ផងដែរ ។
ដោយឡែក នៅថ្ងៃទី២៦ ឧសភា ដដែលនេះ លោក អុឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តខេត្តកំពង់ចាម បានអញ្ជើញចូលរួមបើកការដ្ឋានសាងសង់អណ្តូងស្នប់ ចំនួន១០០អណ្តូង និងស្រះសហគមន៍ ចំនួន៤ ក្នុងស្រុកទាំង៧ របស់ខេត្តកំពង់ចាម រួមមានស្រុកព្រៃឈរ កងមាស ស្ទឹងត្រង់ ចំការលើ ជើងព្រៃ បាធាយ និងស្រុកកំពង់សៀម ដែលជាជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន ក្នុងក្របខ័ណ្ឌគម្រោងផ្គត់ផ្គង់ទឹកជនបទនៅកម្ពុជា ជំហានទី២ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក កែវ សិគុណ ប្រធានគ្រប់គ្រងគម្រោងក្រុមហ៊ុន China Jiangxi International និងអាជ្ញាធរ ស្រុក ឃុំ រួមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។
គួរបញ្ចាក់ផងដែលថា ក្នុងពីជំហានទី១ ខេត្តកំពង់ចាម បានទទួលសមិទ្ធិផល ផ្លូវចាក់កៅស៊ូ២ជាន់ DBST នៅក្នុងស្រុកចំការលើ ពីចំណុចភូមិថ្នល់បែក ដល់ភូមិបុសថ្លាន់ ឃុំស្វាយទាប ប្រវែង១១,២០០ម៉ែត្រ បានកសាងរួចជាស្ថាពរ ។ ចំពោះជំហានទី២ ការបើកការដ្ឋានចាប់ផ្តើមពីស្រុកព្រៃឈរ ដែលទទួលបានអណ្តូងស្នប់១៤ និងស្រះសហគមន៍ ចំនួន០១ ទំហំ៥០ម៉ែត្រ គុណ៥០ម៉ែត្រ ៕