កំពង់ចាម: ឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា ភាពជាថ្នាក់ដឹកនាំដែលនាំមកនូវការអភិវឌ្ឍន៍រីកចម្រើន គឺផ្តេីមចេញពីការធ្វើការងារតាមទម្លាប់ ដោយប្តូរមកធ្វើការងារតាមច្បាប់ ហេីយត្រូវខិតខំរៀនសូត្រឲ្យក្លាយទៅជាមន្ត្រីដែលមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់ធ្វើការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ការថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រកាសតែងតាំង លោក ឡុង ខេង ពីអភិបាលរងស្រុកចំការលើ ឲ្យមកកាន់មុខតំណែងជាអភិបាលរងស្រុកកងមាស នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោក ភោគ សាវុធ អភិបាលស្រុកកងមាស លោកខ្លូត ចន្តា អភិបាលស្រុកចំការលើ និងថ្នាក់ដឹកនាំក្រុមប្រឹក្សាស្រុកទាំង២ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការ អភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការ គ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវយកចិត្តដាក់ ឲ្យស្របទៅតាមការកែទម្រង់ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។ ចំពោះការតែងតាំងមុខតំណែងថ្មីនេះ គឺជាភាពចាំបាច់មួយ ហើយក៏ជាការលេីកកម្ពស់និរន្តរភាពរដ្ឋបាល ស្របទៅតាមច្បាប់ របស់ក្រុមព្រឹក្សាស្តីពី ការគ្រប់គ្រងរដ្ឋបាលខណ្ឌ ក្រុងស្រុកផងដែរ។
ឯកឧត្តមអភិបាលរងខេត្ត បានថ្លែងបន្តថា ប្រជាពលរដ្ឋនៅទូទាំងស្រុកកងមាស បានផ្ញើសេចក្តីទុកចិត្តលេីមន្ត្រីរាជការ នៃគណៈអភិបាលស្រុកនេះហេីយ ដូច្នេះយើងត្រូវខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ និងត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ព្រមទាំងខិតខំពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យយល់ដឹងពីការបប្រែសម្រួលអាកាសធាតុ ផងដែរ ៕