កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមការងារអធិការកិច្ចពលករ បរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងខេត្តកំពង់ចាម ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ចាន់ វិចិត្រ អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអធិការកិច្ចពលករបរទេសប្រចាំខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ឧត្តមសេនីយ៍ស្នងការរង អនុប្រធានមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត និងសហការី ផងដែរ។
គួរបញ្ចាក់ផងដែរថា កាលពីឆ្នាំ២០១៩ ក្រុមការងារអធិការកិច្ចពលករបរទេស លើការងារចុះពិនិត្យលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស នៅតាមបណ្តារោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម បានសរុបចំនួន៥៤៤នាក់ ស្រី១៧២នាក់ មាន១៥សញ្ជាតិ ក្នុងនោះរកឃើញអ្នកគ្មានប័ណ្ណការងារចំនួន០៦នាក់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់កក្នុងម្នាក់ៗ៥០ម៉ឺនរៀល សរុប៣លានរៀល។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានសហការជាមួយមន្ទីរការងារ និងបណ្តះបណ្តាលវិជ្ជាជីវៈខេត្ត បានរៀបចំគ្រឹះស្ថាន អាជីវកម្មនានាចំនួន៦៣កន្លែងទូទាំខេត្ត ដើម្បីត្រៀមចុះអធិការកិច្ចលើប័ណ្ណការងារ និងសៀវភៅការងារជនបរទេស ដើម្បីអនុវត្តតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ការងារឲ្យមានប្រសិទ្ធភាព៕