សៀមរាប៖ មានហេតុការណ៍មួយ បង្ករឲ្យមានការភ្ញាក់ផ្អើល ទាំងកណ្តាលអាធ្រាត ដោយសារតែមាន អគ្គីភ័យបានលេបត្របាក់កុដ្ឋសម្រាប់ ផ្ទុកសម្ភារៈសាងសង់ព្រះវិហារយ៉ាងសន្ធរសន្ធៅ កាលពីវេលាម៉ោង១.៣០ នាទីយប់ថ្ងៃទី ២២ ឈានចូល២៣ ខែ កក្កដា ឆ្នាំ ២០១៤ ស្ថិតនៅភូមិ ស្វាយស ឃុំ ស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។
តាមការអះអាងរបស់លោក ចាន់ ប៉ា គណៈកម្មការអាចារ្យវត្តប្រាសាទច័ន្ទរង្សី ហៅវត្តស្វាយស បានឲ្យដឹងថានៅយប់កើតហេតុ មានលោកនេនអុជធូបទាន ទុក ក្រោយមកក៏ស្រាប់តែមានភ្លើងឆេះចេញពីកុដ្ឋតែម្តង ដោយសង្ស័យថាការឆេះនេះបង្ករមកពី ភ្លើងធូបទាន ដែលបាក់ធ្លា្កក់ប៉ះនិងកំទេចកំទីទើបបណ្តាលឲ្យឆេះតែម្តង តែដោយសារតែវត្តស្វាយសនេះ នៅឆ្ងាយពី ទីប្រជុំជនដាច់ស្រយ៉ាលផងនោះ ទើបអគ្គីភ័យបានឆេះគ្មានសល់ ប្រជាពលរដ្ឋនៅក្នុងភូមិបាននាំគ្នាជួយពន្លត់ណាស់ដែរ តែពុំអាចយកឈ្នះនឹងព្រះអគ្គីបានដែរ ទើបអគ្គីភ័យបានឆេះតាមសម្រួលបន្សល់នូវតែផេះ។
លោកប្រាំង ឈឿន ប្រធានក្រុមប្រឹក្សាឃុំស្វាយស គណៈកម្មការវត្តបានឲ្យដឹងថា វត្តនោះបានសាងសង់មកយូរយាណាស់មកហើយ ចាប់តាំងពីសម័យរដ្ឋប្រហារ តែដោយសារតែតួព្រះវិហារមានសភាពចាស់ឌ្រុឌទ្រម ទើបគណៈគណៈកម្មការអាចារ្យវត្ត ព្រមទាំងប្រជាពលរដ្ឋ បាននាំគ្នាកសាងព្រះវិហារថ្មី ដោយយកកុដ្ឋដែលមានទំហំ ១០គុណ១៦ ដែលបានឆេះនេះ សម្រាប់ដាក់សម្ភារៈ សំណង់ទាំងអស់ ព្រមទាំងវត្ថុបុរាណមួយចំនួនទុកក្នុងកុដ្ឋនោះ តែមកដល់ពេលនេះត្រូវបានរលាយអស់ ក្នុងមួយរំពេចតែម្តង ។
ទិដ្ឋភាពនៅកន្លែងហេតុកើត គេសង្កេតឃើញលោក មេឃុំស្វាយស មេភូមិ មេប៉ុស្តិ៍រដ្ឋបាលស្វាយស ព្រមទាំង ប្រជាពលរដ្ឋ បាននាំគ្នាជួយពន្លត់ភ្លើងយ៉ាងសស្រាក់ស្រាំ ខ្លះកាន់ប៉ោត ខ្លះកាន់ផ្តិល និងសម្ភារៈជាច្រើនទៀតជួយអន្តរាគមន៍ពន្លត់អគ្គីភ័យនេះ តែទីបំផុតដោយសារតែភ្លើងមានសភាពឆេះខ្លាំងក៏មិនអាច យកឈ្នះបាន ។ ស៊ឺ សុវណ្ណ