ឯកសណ្ឋានប្រជាការពារចំនួន៨៩កំភ្លេត្រូវបានបំពាក់ប្រជាការពារទាំង៩ភូមិ ក្នុងឃុំរុងរឿង

ខេត្តកំពង់ធំ៖ ក្រោមការយកចិត្តទុកដាក់ របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានគិតគូរ ពីសុខសុវត្តិភាពបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ក៏ដូចជា ការអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នូវភូមិឃុំមានសុវត្តិភាព ដល់ប្រជាពលរដ្ឋ ឲ្យរស់នៅ បានសុខសាន្ត ជម្រុញឲ្យប្រជាការពារ ទាំង៩ភូមិ ខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បំរើប្រជាពលរដ្ឋដោយ ស្មោះ ដោយឥតគិតពីផលប្រយោជន៍។

ពិធីបំពាក់ឯកសណ្ឋានជូនប្រជាការពារ ដោយមានការអញ្ជើញចូលរួម ត្រូវបានអញ្ជើញ ចូលរួមជាអធិបតីភាពលោក ង៉ាង ស តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរុងរឿង រួមទាំងក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរដែនដី ប្រជាការពារទាំងភូមិ និងបងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០ បំពាក់ឯកសណ្ឋានជូនប្រជាការពារទាំង៩ភូមិ ក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ។

លោក ង៉ាង ស ប្រធានក្រុមការងារចុះមូលដ្ឋានឃុំរុងរឿង បានផ្ដាំផ្ញើរ ដល់ប្រជាការពារទាំងភូមិ ទី១ អនុវត្តឲ្យបានជោគជ័យចលនាប្រលងប្រណាំងទាំង៩ខ្លឹមសារ ភូមិឃុំមានសុវត្ថិភាព ទី២ អាជ្ញាធរភូមិឃុំខិតខំដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋទាន់ពេលវេលា និងអភិវឌ្ឍន៍ភូមិឃុំ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងទី៣ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជម្ងឺកូវីត១៩។

លោក ង៉ាង ស ក៏បានពាំនាំការផ្តាំផ្ញើរ ពីការសាកសួរសុខទុក្ខ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត  មេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ រួមទាំងឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យប្រជាការពារ និងប្រជាពលរដ្ឋទាំងអស់ ថែរក្សាសុខភាព និងមានការប្រុងប្រយ័ត្ន ក្នុងរដូវភ្លៀងធ្លាក់នេះ អាចនិងមានភ្លៀងផ្គរ រន្ទះ ធ្វើឲ្យមានគ្រោះថ្នាក់បាន និងរកកន្លែងមានសុវត្តិភាព ហាមប្រើប្រាស់ទូរស័ព្ទដៃ ក្នុងពេលមានភ្លៀង។

ដោយ ប៊ុន រដ្ឋា