ខេត្តស្ទឹងត្រែង៖ប្រជាពលរដ្ឋជាង៤០០គ្រួសារ រស់នៅឃុំអន្លង់ជ្រៃ ក្នុងស្រុកថាឡា បរិវ៉ាត់ បានដាក់លិខិតស្នើសុំសិទ្ធិកាន់កាប់ដីស្រែ.ចម្ការដោយស្របច្បាប់ទៅសម្តេចតេជោ ក្រោយពួកគាត់បានរស់នៅ និងអាស្រ័យផលលើដីនោះ អស់ជាច្រើនឆ្នាំមកហើយ ។ការស្នើសុំនេះ បានធ្វើឡើងតាមរយះអាជ្ញាធរភូមិ/ឃុំ និងមានដាក់លិខិតជូនឯក
ឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោ ផងដែរ ។តំណាងប្រជាពលរដ្ឋបានលើកឡើងនៅថ្ងៃ
ទី២៩ឧសភានេះថា: លិខិតដែលដាក់ជូននោះ មានទាំងចំណារបស់នាយកខុទ្ទកាល័យសម្តេចតេជា ហ៊ុន សែន នៅឆ្នាំ២០១៨ ។ រហូតមកដល់ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋទាំងនោះ ចង់បង្កើតភូមិអភិវឌ្ឍន៍នៅភូមិ/ឃុំអន្លង់ជ្រៃមិនទាន់ទទួលបានសិទិ្ធកាន់កាប់ដីដែលស្នើសុំនោះ នៅឡើយទេ ។លោក យក់ ម៉ៅ មេភូមិអន្លង់ជ្រៃ បានឲ្យ
ដឹងថា:ប្រជាពលរដ្ឋចំនួន៤១២គ្រួសារចង់បានដីស្រែ និងដីចម្ការលើផ្ទៃដីទំហំ៤៦៥៦ហិកតា សម្រាប់កូនចៅធ្វើ កសិកម្មក្នុងភូមិសាស្រ្តឃុំអន្លង់ជ្រៃ ។ ប្រជាពលរដ្ឋមិនចង់ឃើញអ្នកចំណាកស្រុកមានដី ឯចំណែកប្រជាពលរដ្ឋក្នុងមូលដ្ឋាន បែរជាគ្មានដីសម្រាប់អាស្រ័យផល នោះទេ ។ប្រជាពលរដ្ឋ នៅតែមានសង្ឃឹមលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដោយផ្តល់សិទិ្ធកាន់កាប់ដីស្រែចម្ការស្របច្បាប់ ដល់ពួគាត់ ដែលកំពុងរស់នៅក្នុងឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ហើយពួកគាត់ក៏សង្ឃឹមយ៉ាងមុតមាំដែរថា ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងនឹងទទួលស្គាល់ចំណារលើលិខិតរបស់ឯកឧត្តម ហូ សិទ្ធិ នាយកខុទ្ទកាល័យសម្តេចតេជោផងដែរ ៕