មន្ត្រីយោធាម្នាក់ជិះម៉ូតូខុសផ្លូវដួលចូលស្នាមភ្លោះឈ្លក់ទឹកស្លាប់យ៉ាងសង្វេគ

ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលស្រុកវាលវែង រាយការណ៍ជូនស្នងការដ្ឋាននគរបាលខេត្ត នៅវេលាម៉ោង២ និង០៥នាទី រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្ដាលឲ្យមន្ត្រីយោធាម្នាក់បានស្លាប់បាត់បង់ជីវិត ។របាយការណ៍នគរបាលស្រុកបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានមនុស្សស្លាប់ បានកើតឡើងលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦៨.១៦៩ ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

របាយការណ៍ដដែលបន្តទៀតថា ជនរងគ្រោះ(ស្លាប់)ជាមន្រ្តីយោធាឈ្មោះ នី សុខុម ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ជនរងគ្រោះគេឃើញធ្វើដំណើរម្នាក់ឯងដោយម៉ូតូ ១គ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៏កាប់ស្តាំង គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់កន្លែងកើតហេតុ បានរេចង្កូតធ្លាក់ចូលស្នាមភ្លោះ ហើយបានហូរទៅតាមទឹកចម្ងាយប្រមាណ ៣០ម៉ែត្រ បណ្ដាលឲ្យឈ្លក់ទឹកស្លាប់យ៉ាងអាហោចអាធម័ ៕