រពឹសដៃជាប់ខ្នោះ! ក្មេងទំនើង ៦ នាក់ត្រូវបានសមត្ថកិច្ចស្រុកបាទីឃាត់ខ្លួន

ខេត្តតាកែវ៖ បន្ទាប់ពីទទួលបានព័ត៌មានដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមfacebook អំពីករណីគប់កញ្ចក់រថយន្ត នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងការិយាល័យជំនាញ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីកំណត់មុខសញ្ញា និងបង្ក្រាបបានទាន់ពេលវេលា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ហុិន សុខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌដឹកនាំ កម្លាំងជំនាញបានឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ រួមមានទី១ឈ្មោះ ម៉េង ប្រុសឈីត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ទី២ឈ្មោះ ចិន លីហុង ភេទប្រុស អាយុ១៥ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ទី៣ឈ្មោះ ម៉េង ចាន់ដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ទី៤ឈ្មោះ គីម កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំ ជាមួយគ្នា និងទី៥ឈ្មោះ ម៉េង សុធីវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា ព្រមទាំងដកហូតបានម៉ូតូចំនួន០៣គ្រឿងដែលជិះធ្វើសកម្មភាព។ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង៥នាក់ខាងលើ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យ០១នាក់ទៀតមានឈ្មោះ ជឹម សារ៉ាត់ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។តាមចម្លើយសារភាពជនសង្ស័យខាងលើ បានសារភាពថាកាលពីអំឡុងខែមីនា ឆ្នាំ២០២០ ពួកគេធ្លាប់ធ្វើសកម្មភាព០១លើករួចមកហើយ ចំពោះមូលហេតុដែលពួកគេគប់កញ្ចក់រថយន្តអ្នកធ្វើដំណើរពេលយប់គឺបណ្តាលមកពីគំនុំ ដែលធ្លាប់មានរថយន្តធុនធំបើកកៀមិត្តភ័ក្ររបស់គេកាលពីមុន។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី និងបន្តស្រាវជ្រាវមុខសញ្ញាកំពុងរត់គេចខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។