ព្រះវិហារ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត និងកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំយាង សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះស្រាវជ្រាវរុករករូបសំណាកព្រះគោ ដែលមានអាយុកាលរាប់រយឆ្នាំ ពីប្រជាពលរដ្ឋមួយរូបដែលបានលួចយកទៅលាក់ទុក បន្តចេញពីកន្លែងដែលប្រជាពលរដ្ឋដើរព្រៃរកផ្សិតប៉ក់ បានប្រទះឃើញ។
ដើម្បីធ្វើការដកហូតនាំយកមករក្សាទុកជាសម្បត្តិវប្បធម៌ជាតិវិញ។ប្រតិបត្តិការចុះស្រាវជ្រាវនិងរុករកមុខសញ្ញាខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២៤ និង១៤នាទី អធ្រាតឈានចូលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិកោងយ៉ាេង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមការចង្អុលដឹកនាំពីឯកឧត្តម ឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បញ្ជា ឱ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត សហការណ៍ជាមួយអាជ្ញារធរមូលដ្ឋាន ចុះស្រាវជ្រាវរុករករូបសំណាកព្រះគោ ជាវត្ថុបុរាណ ដែលប្រជាពលរដ្ឋដើរព្រៃបានប្រទេះឃើញ រួចបានបាត់ទៅវិញ។
សមត្ថកិច្ចនគរបាលលោកបានបន្តថា ក្រោយចុះអង្កេតស្រាវជ្រាវ កម្លាំងបានដឹងថារូបសំណាកព្រះគោ នេះ នៅជាមួយនឹងប្រជាពលរដ្ឋម្នាក់ មានឈ្មោះ លាក់ ជាតិ ភេទប្រុស អាយុ៣២ឆ្នាំ សព្វថ្ងៃរស់នៅជញ្ជាំងស្ថិតក្នុងភូមិកោងយ៉ោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាអ្នកលួចពីព្រៃបន្ត ចេញពីកន្លែងដែលពលរដ្ឋដើររកផ្សិតប៉ក់ក្នុងព្រៃប្រទះឃើញ ហើយយកមកលាក់ទុក។សមត្ថកិច្ចដដែលបានបន្តទៀតថា ក្រោយពីសមត្ថកិច្ចជំនាញបានធើ្វការពន្យល់អោយប្រជាពលរដ្ឋទាំងអស់ ស្តាប់ស្តីពីការខិតខំប្រឹងប្រែងជួយគ្នាថែរក្សា នូវសម្បត្តិ វប្បធម៌ជាតិយេីង ដែលមានអាយុកាលរាប់រយ រាប់ពាន់ឆ្នាំឲ្យបានគង់វង្សរួចមក ប្រជាពលរដ្ឋម្នាក់ ដែលមានឈ្មោះ លាក់ ជាតិ បានសហការ និងភ្ញាក់រលឹក ហើយប្រគល់រូបព្រះគោនេះមកអោយ សមសមត្ថកិច្ចយេីងវិញ ដើម្បីប្រគល់ជូនកម្លាំងជំនាញបេតិកភ័ណ្ឌខេត្តយកទៅរក្សាទុកជាបណ្ដោះអាសន្នផងដែរ៕