ខេត្តកំពង់ធំ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបំពេញក្របខ័ណ្ឌកងទ័ពថ្មី២៦រូប ឲ្យទៅវរសេនាតូចលេខ១ បន្ទាប់ពី រៀនសូត្រ និងហាត់ពត់លុតដំខ្លួន ឲ្យក្លាយទៅជាយុវជនសរៗទ្រូង ដើម្បីបន្តវេន ពីរៀមច្បង ចូលបំរើក្នុងជួរកងទ័ព បានបញ្ចប់ការហ្វឹកហ្វឺន នៅសាលាពលទាហានយោធភូមិភាគទី ៤ ។
ពិធីនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ បានអញ្ជើញដឹកនាំ កងទ័ពថ្មី ដែលបញ្ចប់ការហ្វឹកហ្វឺន នៅសាលាហ្វឹកហ្វឺន ពលទាហានទី៤ នៃយោធភូមិភាគទី៤ កងទ័ពជើងគោក ទៅបំពេញក្របខ័ណ្ឌ ឲ្យកងវរសេនាតូចលេខ១ នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃសៅរ៍ទី៣០ ខែឧសភាឆ្នាំ២០២០ ។
ឯកឧត្តម ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានណែនាំដល់យោធិនថ្មី ដែលទើបបញ្ចប់ការហ្វឹកហ្វឺន នៅត្រូវ គោរពតាមការចាត់តាំង របស់មេបញ្ជាការគ្រប់បណ្ដាថ្នាក់ ឲ្យបានម៉ឺងម៉ាត់ អនុវត្តន៍ឲ្យបាននូវតួរនាទីភារកិច្ច ច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅរបស់ កងយោធពលខេមរភូមិន្ទ ឲ្យបានជាដាច់ខាត និងត្រូវគោរព ស្រឡាញ់ បម្រើប្រជាជន ដោយស្មោះត្រង់ ដោយឥតលក្ខខណ្ឌ ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន ក៍បាន ក្រើនរំលឹកដល់បងប្អូន និងក្មួយៗ ជាយោធិនគ្រប់រូប នៅក្នុងអង្គភាពវរសេនាតូចលេខ ១ ត្រូវបន្តការប្រុងប្រយ័ត្នការពារ ទប់ស្កាត់ការឆ្លងរីករាលដាល នៃមេរោគកូវីដ១៩ បច្ចុប្បន្ន នៅលើពិភពលោក មានអ្នកឆ្លងមេរោគកូវីដ១៩ ជាងប្រាំមួយលាននាក់ និងមានអ្នកស្លាប់ជាងសាមសិបប្រាំពីរម៉ឺននាក់ ដូច្នេះសូមប្អូនៗ និងក្មួយៗ ទាំអស់ត្រូវអនុវត្តន៍ឲ្យបានតាមការណែនាំរបស់ ក្រសួងសុខាភិបាល ។
ក្នុងពិធីសំណេះសំណាល ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បាន រៀបចំអាហារថ្ងៃត្រង់ និងឧបត្ថម្ភមីចំនួន២០ កេស ដែលជាអំណោយរបស់ឯកឧត្តម ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ជូនដល់បងប្អូនសម្រាប់បរិភោគផងដែរ ។
ដោយ ប៊ុន រដ្ឋា