ខេត្តកំពង់ធំ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទ ហើយបានឈានទៅឃាត់ខ្លួនក្រុមញៀនល្បែងជាង ១០នាក់ រឹបអូសម៉ូតូជិត ៦០គ្រឿង មាន់ជល់ និងគ្រាប់អាប៉ោង មួយចំនួនទៀតផងដែរ។ ការចុះបង្ក្រាបល្បែងស៊ីសងនោះ បានធ្វើកាលពីរសៀលថ្ងៃទី១មិថុនាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។មន្ត្រីអាវុធហត្ថខេត្ត នៅក្នុងការបង្ក្រាបល្បែងស៊ីសងនោះ បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនោះ បានដឹកនាំដោយ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានចុះឡោមព័ទ្ធទីតាំងបើកល្បែង ហើយក្រសោបយកទាំងមនុស្ស និងវត្ថុតាងបំរើអោយការលេងល្បែងស៊ីសង បៀរ អាប៉ោង និងជល់មាន់នោះ។ លោកថា លោកព្រះរាជអាជ្ញារងខេត្ត បានបញ្ជាអោយឃាត់ខ្លួនមនុស្សមួយក្រុម ដែលញៀនល្បែងនោះ មានចំនួន ១១នាក់ រឹងអូស និងដកហូតម៉ូតូគ្រប់ប្រភេទ ៥៩គ្រឿង មាន់ជល់១០ក្បាល និងគ្រាប់អាប៉ោង ៦គ្រាប់ ផងទៀត។
មន្ត្រីដដែលបានបន្តថា តាមការរាយការណ៍ថា ការបើកល្បែងជល់មាន់ លេងបៀរ អាប៉ោង និងល្បែងនានាទៀត នៅទីនេះ គឺកើតមានរយះពេលយូរដែរហើយ ប៉ុន្តែ ទើបដឹងដល់សមត្ថកិច្ច និងឈានដល់ការបង្ក្រាប នៅក្នុងថ្ងៃនេះ ដើម្បីអនុវត្តតាមគោលនយោបាយ ភូមិ ឃុំ សុវត្ថិភាព អោយមានប្រសិទ្ធភាព ដែលរាជរដ្ឋាភិបាល បានដាក់ចុះអោយអនុវត្តនាពេលកន្លងមក។ លោកបានបញ្ជាក់ថា ក្រោយការបង្ក្រាប មនុស្សទាំង១១នាក់ ម៉ូតូ ៥៩គ្រឿង មាន់ជល់ និងគ្រាប់ឡុកឡាក់ ត្រូវបានបញ្ជូនមកកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕