ខេត្តកំពង់ឆ្នាំង សំណង់រឹងមួយកន្លែងខុសច្បាប់ដែលគេសាងសង់ក្នុងគោលបំណងធ្វើផ្ទះស្ថិតនៅក្នុងចំណុច
កណ្ដាល នៃផ្លូវជាតិនិងផ្លូវរថភ្លើងត្រូវបានគេមើលឃើញថា គឺជាការសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ដោយពុំ មានអាជ្ញាធរ និងមន្ត្រីជំនាញ ចុះធ្វើការហាមឃាត់ឡើយ ។
បើទោះជាយ៉ាងនេះក្តី លោក អភិបាលស្តីទីស្រុកទឹកផុស ដែលទើបឡើងកាន់ដំណែងថ្មី បញ្ជាក់ថាៈ កន្លងទៅ អាជ្ញាធរខេត្ត បានដឹកនាំមន្ត្រីជំនាញធ្វើកិច្ចការនេះហើយ សំណង់រឹងដែលសាងសង់ធ្វើជាផ្ទះនេះគឺស្ថិតនៅក្នុងភូមិត្រពាំងជុំឃុំអភិវឌ្ឍន៍ស្រុកទឹកផុសដែលនៅមិនឆ្ងាយពីសាលាឃុំ ប៉ុន្មាននោះឡើយ ។
ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះបានលើកឡើងថាម្ចាស់សំណង់នេះ មិនដឹងសំអាងអ្វីនោះទេ បានជា
សាងសង់សំណង់រំលោភលើដីចំណីផ្លូវដល់ទៅ២ខ្យែបែបនេះ គឺទី១រំលោភលើដីផ្លូវជាតិនិង ទី២រំលោភលើដីចំណីផ្លូវរថយន្តភ្លើង ហើយការសាងសង់ ពុំទាន់ឃើញមានមន្ត្រីជំនាញណាចុះហាមឃាត់ឡើយ ។ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះដែរ លោក សុខ សុន្ឋី អភិបាលស្តីទីស្រុកទឹកផុស ដែលទើបឡើងតំណែងថ្មីបានបញ្ជាក់ប្រាប់អ្នកយកពត៏មានយើងនៅរសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២០នេះថា៖ ការសាងសង់សំណង់រឹងនេះគឺបានធ្វើឡើងតាំងពីលោកមិនទាន់ឡើងជាអភិបាលស្តីទីស្រុកទឹកផុសមកម្ល៉េះ ។
ប៉ុន្តែក្រោយពីលោកបានឡើងកាន់តំណែង លោកបានដោះស្រាយបញ្ហានេះ ជាមួយមន្ត្រីជំនាញ ជាបន្តបន្ទាប់ ក្រោយមកមានការបង្កើតគណៈកម្មការ ដោយមានឯកឧត្តមសាន់ យូអភិបាលរងខេត្តកំពង់ឆ្នាំង ជាប្រធាន បានចុះដោះស្រាយ ក្នុងរឿងនេះចំនួន២លើក ។
ជាលទ្ឋផល មន្ត្រីជំនាញដែលចុះធ្វើការសិក្សាឃើញថា ៖ប៉ែកខាងផ្លូវរថយន្តភ្លើង គឺខាងម្ចាស់ផ្ទះបានសង់លើសចូលដីចំណីផ្លូវ១,៨០ម៉ែត្រដោយគណៈកម្មការ ស្នើសុំឱ្យម្ចាស់វ៉ៃរបងចេញ ដើម្បីទុកដីដែលលើស ជាដីចំណីផ្លូវរថយន្តភ្លើងវិញ ហើយម្ចាស់ក៏យល់ព្រមដែរ។ចំណែកនៅប៉ែកពីខាងចំណីផ្លូវជាតិវិញ គឺមានការសង់លើសបន្តិចបន្តួចតែប៉ុណ្ណោះ ហើយម្ចាស់សន្យាថាៈបើមានការពង្រីកផ្លូវបន្ថែមគាត់នឹងសុខចិត្តរុះរបងចេដោយខ្លួនឯង ។
សូមរំឮកថាៈកន្លងទៅ ឯកឧត្តម អភិបាលខេត្តកំពង់ឆ្នាំងតែងតែដាស់តឿនឱ្យមន្ត្រីជំនាញប្រុងប្រយ័ត្នការសាងសង់សំណង់រឹងរំលោភដីចំណីផ្លូវសាធារណៈ។ ប៉ុន្តែគេនៅតែសង្កេតឃើញសំណង់រឹង ទាំងឡាយដែលតែងតែសង់រំលោភផ្លូវសាធារណៈ ពុំដែលឃើញ មន្ត្រីជំនាញចុះហាមឃាត់ដំបូងទី នោះឡើយ លុះពេលម្ចាស់សំណង់សង់ចេញរូបរាង ឬ អាចនិយាយបានថាៈ អង្ករបានក្លាយជាបាយហើយនោះ ទើបមាន មន្ត្រីជំនាញចុះហាមឃាត់ ដែលមើលទៅចង់ហួសពេលអស់ទៅហើយ ដូចករណីសំណង់រឹងរបស់ជនជាតិវៀតណាម សង់លើលូ និងរំលោភលលដីចំណីផ្លូវ នៅជិតផ្សារលើជាដើមនោះ៕
សុខ គឹមសៀន