ផ្ទះចំនួនពីរខ្នងអំណោយសម្ដេចតេជោហ៊ុន សែន បានប្រគល់ជូនគ្រួសារអតីតយុទ្ធជន ស្រុកបារាយណ៍

ខេត្តកំពង់ធំ៖  ខ្នងផ្ទះទី១៥៦ និងខ្នងផ្ទះទី១៥៧ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន  សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានសាងសង់ដោយ គណៈកម្មាធិការសមាគមអតីតយុទ្ធជន កម្ពុជា ខេត្តកំពង់ធំ និងត្រូវបានប្រគល់ជូន គ្រួសារអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី  រស់នៅឃុំគគីរធំ និងឃុំចើងដើង ស្រុកបារាយណ៍  ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០  ។

ឯកឧត្ដម ឧត្ដមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ផ្ទះថ្មីជូនដល់  គ្រួសារអតីតយុទ្ធជនទាំង២គ្រួសារ គឺតាមរយះ ឯកឧត្តម នាយ ឧត្ដមសេនីយ៍គន់  គីម ទេសរដ្ឋមន្រ្តី អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីនេះ មានការចូល​រួម ពីអាជ្ញាធរដែនដី  កងកម្លាំង ប្រដាប់អាវុធទាំងបី ចូលរួមផងដែរ   ។

ឯកឧត្តម ឧត្ដមសេនីយ៍ទោសោម  ស៊ុន បានថ្លែងអំណរគុណ ដ៍ជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនអតីត យុទ្ធជនយើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់  ដើម្បីបុព្វហេតុជាតិ និងប្រជាជន  ក្នុងសម័យ សង្គ្រាមកន្លងមក  ដើម្បីរួមចំណែកជាមួយសម្តេចតេជោហ៊ុន  សែន  ក្នុងការអនុវត្តន៍ គោលនយោបាយឈ្នះ  ឈ្នះ  ធ្វើឲ្យប្រទេសជាតិ យើងមានសុខសន្តិភាពពេញលេញ  និងការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះ   ។

ផ្ទះថ្មីដែលប្រគល់ ជូនគ្រួសារអតីតយុទ្ធជនមានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ខ្ពស់ផុតពីដី  សសរបេតុង  ឆ្អឹងដែកជញ្ជាំងនិងដំបូលប្រក់ស័ង្កសីកិនភ្លី  រនាបក្រាលក្តារ ជណ្ដើរកាច់ គ្រួសារទី១ លោក ឌឹត អ៊ឹម អាយុ៥៦ឆ្នាំអតីត យុទ្ធជនពិការ  មានសមាជិកក្នុងបន្ទុក ៥ នាក់  រស់នៅភូមិទូកពីរ  ឃុំគគីរធំ  ស្រុកបារាយណ៍  ខេត្តកំពង់ធំ  ទី២ លោកយាយ គា  សាំ  អាយុ៧៥ ឆ្នំា  ជាគ្រួសារអតីតយុទ្ឋជនពលី  មានសមាជិកក្នុងបន្ទុកគ្រួសារ ចំនួន  បី នាក់ រស់នៅភូមិពណ្ណរាយណ៍  ឃុំចើងដើង  ស្រុកបារាយណ៍  ខេត្តកំពង់ធំ  ។

ក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា  ខេត្តកំពង់ធំ  បានជួយឧបត្ថម្ភ អំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន  ម៉ាណែត  ក្នុងមួយគ្រួសារទទួលបានអង្ករ៥០ គ.ក មីចំនួន២កេស ទឹកត្រី ទឹកស៊ីអ៊ីវ២យួរ និងសម្ភារៈប្រើប្រាស់ផ្ទះបាយ រួមទាំងថវិកាមួយចំនួនផងដែរ   ។

ឯកឧត្តម ឧត្ដមសេនីយ៍ទោ សោម  ស៊ុន  ក៍បានផ្សព្វផ្សាយសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល  ស្តីពី វិធានការ ការពារទប់ស្កាត់ ការឆ្លងរីករាលដាលមេរោគកូវីដ១៩ COVID-19  ជូនប្រជាពលរដ្ឋ ដែលបាន ចូលរួមក្នុងកម្មវិធី ដើម្បីឲ្យបងប្អូន បន្តការប្រុងប្រយ័ត្នខ្ពស់  កុំឲ្យមានការឆ្លងរោគ កូវីដ១៩  COVID-19  ក្នុងក្រុម គ្រួសារ  ក៏ដូចជាសហគមន៍យើង   ។

ដោយ ប៊ុន រដ្ឋា