កំពង់ចាម៖ ទោះបីអាជ្ញាធរក្រុងកំពង់ចាម បានចេញបទបញ្ជាយ៉ាងតឹងរឹងមិនឲ្យមានការធ្វើចរាចររថយន្តធំៗដឹកទំនិញចូលក្នុងក្រុងយ៉ាងណាក៏ដោយ ក៏គេឃើញនៅតែមានរថយន្តធំដឹកទំនិញចេញចូល ចំណុចផ្ទះថៅកែបោះដុំឥវ៉ាន់ចាប់ហួយគ្រប់មុខចំនួន២ផ្ទះ នៅខាងក្រោយស្ថានីយ៍ប្រេងតេលា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម ដដែល ។ 
មហាជនគេសង្ស័យថា មានមន្ត្រីខិលខូចមួយចំនួនត្រូវដង ត្រូវផ្លែ ហើយ ទើបនៅតែមានការធ្វើចរាចររថយន្តធំៗ ចូលក្រុង បញ្ច្រាសពីបទបញ្ជាយ៉ាងនេះ ។ ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម នៅតែឃើញមានរថយន្តដឹកទំនិញចូលក្នុងក្រុងដដែល ហើយរថយន្តទាំងនោះ ដឹកទំនិញចូលមកចំណុចខាងលើ មកចតសំកុក គ្មានខ្លាចសមត្ថកិច្ច ក្រុង ឬក៏គណៈកម្មាការដែលបានរៀបចំដោយសាលាក្រុង ដើម្បីទប់ស្កាត់មិនឲ្យរថយន្តធំៗធ្វើចរាចរក្នុងក្រុងឡើយ ។
ការធ្វើចរាចរចេញចូលដោយសេរីនេះ វាបង្កឲ្យមានការកកស្ទះចរាចរចំណុចផ្លូវមួយនេះ ជាញឹកញាប់ ភាពមិនប្រក្រតីនេះ ប្រជាពលរដ្ឋនាំគ្នានិយាយថា បទបញ្ជានេះ មានប្រសិទ្ធិភាពប្រហែល មួយចំអិនកំពិសទេដឹង ។ ចំណែកខាង លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាមវិញបានបំភ្លឺឲ្យដឹងថា តាមគោលការណ៍របស់ឯកឧត្តមអភិបាលខេត្ត លោកមានវិធានការ ហើយបានប្រជុំគណៈកម្មាការឯកភាពខេត្ត លោកបានបញ្ជា ក្រុង-ស្រុក គមនាគមន៍ សមត្ថកិច្ចប៉ូលីសទាំងអស់ គឺហាមដាច់ខាត មិនឲ្យរថយន្តធំៗ ដឹកទំនិញចូលក្នុងក្រុងទេ ព្រោះវាបណ្តាលឲ្យខូចផ្លូវ លោកបានបញ្ជាទៅប្រធានមន្ទីរគមនាគមន៍ឲ្យដាក់របាការពារផ្លូវតូចៗក្នុងក្រុង ។
លោក អភិបាលក្រុងបានបញ្ជាក់ទៀតថា ក្រុងក៏ធ្វើលិខិតមួយជំរាបទៅលោកដែរ ហើយលោក ក៏បានបញ្ជាទៅសាធារណៈការត្រូវដាក់របាំងកាត់ទទឹងផ្លូវតូចៗដែលទើបចាក់បេតុងហើយថ្មីៗក្នុងក្រុង ទុកតែផ្លូវធំ និងផ្លូវនាងគង្ហីងមួយទេ ។ ជាងនេះទៀតសាលាក្រុងបានហៅម្ចាស់រថយន្តធំៗ មកផ្តិតមេដៃ ដើម្បីបញ្ឈប់រាល់ការធ្វើចរាចរចេញចូលក្នុងក្រុង យើងពិនិត្យឃើញថា រយៈពេល៣ខែមកហើយមានការស្ងប់ស្ងាត់ គេលែងឃើញរថយន្តធំៗចូលក្រុង តែពេលឥលូវនេះមានរថយន្តលោតឆ័ត្រ លោតជើងសេះមួយៗ ចូលមែន ហើយក្រុងកំពុងតាមដាន ពិនិត្យមើលថាតើ មានប៉ូលីសណា ថ្នាក់ដឹកនាំណា ឬ ក៏ខាងក្រុងខិលខូចឆ្លៀតឧិកាស ។
បើតាមការអង្កេតឃើញថា រថយន្តដឹកទំនិញ ភាគច្រើនគេទៅសាងនៅចំណុចទន្លេអុំ តែក៏នៅមានរថយន្តធំខ្លះទៀតដឹកទំនិញចូលក្រុងដដែល ហើយក្រុងបានដាក់កំហិតមិនឲ្យមានការធ្វើចរាចរចូលក្នុងក្រុងទៀតទេ កុំឲ្យហើបឡើងវិញ ខំប្រឹងទាំងអស់គ្នា ដើម្បីកិត្តិយសក្នុងការកែទំរង់ ។ លោកអភិបាលបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ទៀតថា បើមានរថយន្តធំៗដឹកទំនិញចូលទៀត ក្រុងនឹងចាប់មែន ប៉ុន្តែរថយន្តធំចូលក្រុងនេះ ប្រហែលជាមានអ្នកណាមួយបិទភ្នែកក្នុងចំណោមគណៈកម្មាការយើងហ្នឹង ហើយក្រុងធានាបំបាត់បញ្ហានេះ ៕



































