តាកែវ៖ ថ្លែងក្នុងពិធីប្រកាសតែងតាំង លោកវរៈសេនីយ៍ទោ យ៉ុង ប៊ុនយ៉ុន ជាអធិការស្រុកអង្គរបូរីថ្មីនាថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជម្រុញអោយនគរបាលជាតិនៅមូលដ្ឋានពិនិត្យឡើងវិញទៅលើការក្តាប់អោយបានការងារសន្តិសុខដើម្បីធានាសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ និងបោសសម្អាតអោយអស់ជាមួយនិងករណីប្រើប្រាស់ ឬជួញដូរគ្រឿងញៀនដែលកំពុងសាយភាយខ្លាំងនៅតាមទីជនបទ ។
លោកស្នងការបន្តថា នគរបាលនៅជាប់ជាមួយនិងប្រជាពលរដ្ឋដែលជាមន្ត្រីប៉ុស្តិរដ្ឋបាល ត្រូវតាមដានចំពោះមុខសញ្ញាដែលធ្លាប់ជាប់ពន្ធធនាគារហើយរួចចេញមកវិញ តើពួកគាត់មានការកែប្រែឬអត់ ព្រោះមុខសញ្ញាទាំងនោះ គឺជាមុខសញ្ញាបង្ករចាស់ ដែលនគរបាលគ្រប់រូបមិនគួរមើលរំលងឡើយ ព្រោះពួកគាត់បើសិនជានូវមិនទាន់កែខ្លួនទេ ក៏ជាមុខសញ្ញាដែលធ្វើអោយយើងឈឺក្បាលឡើយ ។
ក្នុងនោះដែលលោកឧត្តមសេនីយ៍ទោ សុខ សំណាង បានសង្កត់ធ្ងន់លើករណី ចោលួចទូកបងប្អូនប្រជាពលរដ្ឋ ដែលតែងតែកើតមាននៅមូលដ្ឋានស្រុកចំនួន ០៣ មានស្រុកកោះអណ្តែក ស្រុកបូរីជលសារ និងស្រុកអង្គរបូរី ក្នុងនោះដែរថ្មីៗនេះដែរ យើងបានស្រាវជ្រាវរកឃើញទូកចំនួន ០៨គ្រឿង និងម៉ាស៊ីនចំនួន ២ និងឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ជូនទៅតុលាការរួចហើយ ចំពោះមុខសញ្ញាដែលជាចោលួចទូកយ៉ាងសកម្ម ហើយជនសង្ស័យផ្សេងទៀតកំលាំងជំនាញរបស់យើងបានកំណត់មុខសញ្ញាបានអស់ហើយ ។
ក្នុងកម្មវិធីប្រកាសអធិការថ្មីនេះដែរលោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរីបានស្នើសុំអោយលោកអធិការថ្មីរក្សាអោយបានចំពោះសន្តិសុខនៅក្នុងមូលដ្ឋាន និងចូលរួមបង្ក្រាបនៅបទល្មើសខុសច្បាប់ ដែលកើតមានឡើងនៅក្នុងស្រុករបស់យើងដែលជាស្រុកមួយមានទឹកលិច ហើយក៏មានបទល្មើសនេសាទកើតឡើងដែរ មួយវិញទៀតសូមអោយលោកអធិការថ្មីចូលរួមធ្វើការសម្របសម្រួលលើការចុះធ្វើបទបង្ហាញនានាស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ទៅដល់ពលរដ្ឋក៏ដូចជាសិស្សានុសិស្ស ដើម្បីរួមគ្នាកាត់បន្ថយនៅអាត្រាគ្រោះថ្នាក់ចរាចរណ៍ ក្រោយយើងពិនិត្យឃើញថា ប៉ុន្មានឆ្នាំថ្មីៗកន្លងមកនេះ គឺមានការកើនឡើងគួរអោយកត់សម្គាល់នៅករណីគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកអង្គរបូរី ខណៈដែរក្នុងស្រុករបស់យើងកាន់តែមានផ្លូវល្អស្អាត ហើយការបើកបររបស់ពលរដ្ឋកាន់តែមានល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ។