ប្រធានក្រុមការងារCPPចុះជួយឃុំ ពងទឹក ស្រុករំដួលអំពាវនាវដល់អាជ្ញាធរនិងសមាជិកបក្សត្រូវចូលរួមបង្ការនិងទប់ស្កាត់និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋនៅគ្រាប្រទេសជួបនិងជំងឺកូវីដ១៩

(ស្វាយរៀង)លោកចាន់ បុលបុត្រអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃំុ ពងទឹក ស្រុករំដួល ខេត្តស្វាយរៀងបានថ្លែងអំពាវនាវដល់អាជ្ញាធរ សមាជិក សមាជិការ គណបក្សត្រូវបន្តរួមគ្នាបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩និងដោះស្រាយនូវទុក្ខលំបាកជូនពលរដ្ឋដូចជាផ្តល់ស្បៀង គ្រឿងឧបភោគ បរិភោគដល់គ្រួសារជួបការខ្វះខាតនៅគ្រាដែលពិភពលោកនិងប្រទេសកម្ពុជាកំពុងមានការរាតត្បាតពីជំងឺកូវីដ១៩នេះ។

ការថ្លែងអំពាវនាវយ៉ាងដូច្នេះខណៈលោកចាន់ កុលបុត្រអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងាររបស់ឃុំពងទឹក និង គណបក្សឃុំ ដើម្បីត្រួតពិនិត្យលើការងារ បង្ការទប់ស្កាត់ ជម្ងឺឆ្លង កូវីត ១៩ និង កែសម្រួលសមាសភាពក្រុមការងារចុះជួយភូមិ ព្រមទាំង ប្រកាសសេចក្តីសម្រេច ចាត់តាំង អនុប្រធាន និង សមាជិក ក្រុមការងារថ្មី នៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០។

លោកចាន់កុល បុត្របានថ្លែងផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកស្រីកិត្តិសង្គហបណ្ឌិតម៉ែន សំអនប្រធានក្រុមការងាររបស់រាជរដ្ឋភិបាលចុះជួយខេត្តស្វាយរៀងដែលជានិច្ចជាកាលសម្តេចទាំងទ្វេរ និងលោកស្រីកិត្តិសង្គហបណ្ឌិតតែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ។

លោកបានបន្ថែមទៀតថាយើងពិតជាដឹងហើយថាបច្ចុប្បន្នជំងឺកូវីដ១៩កំពុងរាតត្បាតពាសពេញពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរដែលទាមទារឲ្យយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្ការទប់ស្កាត់នៃការរីករាលនៃជំងឺនេះផងដែរក្នុងនោះត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយធ្វើអនាម័យជាប្រចាំ លាងដៃជាមួយសាប៊ូ ជែល អាល់កុល និងពាក់ម៉ាស់នៅពេលធ្វើដំណើរទៅទីប្រជុំជន នៅឲ្យឆ្ងាយពីគ្នាចាប់ពី២ម៉ែត្រឡើងទៅ។

លោកបានបន្ថែមទៀតថាមិនតែប៉ុណ្ណោះក្រុមការងារក៏ដូចជាក្រុមប្រឹក្សាឃុំត្រូវជម្រុញពលរដ្ឋឲ្យអនុវត្តន៍ការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើជំងឺកូវីដ១៩នេះនៅតែអូសបន្លាយ និងត្រូវចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុជីវិតផងដែរ។

សូមបញ្ជាក់ថានៅកិច្ចប្រជុំនេះក៏បានបង្កើតមូលនិធិក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយឃុំពងទឹក ក្នុងគោលបំណងដើម្បីកៀងគររកថវិការក្នុងការជួយដល់ពលរដ្ឋរបស់យើងដែលជួបប្រទះនូវការលំបាកខ្វះខាតនិងជួយដល់ពលរដ្ឋដែលទទួលមរណៈភាពនិងបានថវិការឧបត្ថម្ភពីក្រុមការងារផងដែរ៕