សមត្ថកិច្ចខេត្តកំពង់ធំ ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់០១កន្លែងនៅស្រុកតាំងគោក ឃាត់ខ្លួនមនុស្សប្រុស-ស្រី២២នាក់

(កំពង់ធំ)៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ធំ បានបង្ក្រាបទីតាំងលេងល្បែងស៊ីសងមួយកន្លែង ដែលធ្លាប់ចាក់ឬសកន្លងមក ដូចជាល្បែង ភ្នាល់ចាក់លុយជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញ និងអាប៉ោង នៅស្រុកតាំងគោក,កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤:៥៩នាទី។

កម្លាំងសមត្ថកិច្ចនគរបាលខេត្ត ដែលដឹកនាំដោយលោក វរសេនីយ៍ទោ ស សុបិន្ត ជា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតាំងគោក ដែលដឹកនាំដោយ វរសេនីយ៍ឯក សន តាល់ ជសអធិការ និងមានការសម្របសម្រួល ដឹកនាំផ្ទាល់ពីលោក សាយ វាសនា ព្រះរាជអាជ្ញារង អាយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលមានភ្នាល់ចាក់លុយជល់មាន់ តាមទូរទស្សន៍អនឡាញ និងល្បែងអាប៉ោង បុកប៊ីយ៊ា នៅចំណុចផ្ទះរបស់ ឈ្មោះ ស៊ិន ណាវី ភេទស្រី អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ នៅភូមិគ្រើល ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ ខ្លួនមនុស្ស ២២នាក់ និងស្រី ០១នាក់ ដែលជាម្ចាស់ផ្ទះ។
សមត្ថកិច្ចបានចាប់ដកហូតវត្ថុតាងរួមមាន:
១- មធ្យោបាយ ម៉ូតូ ចំនួន ២២គ្រឿង
២- មេអាប៉ោង ចំនួន ០៤ គ្រាប់
៣- គំរបចានអាប៉ោង ចំនួន ០១
៤- ហាន់តោ ចំនួន ០១
៥- គ្រាប់ ប៊ីយ៊ា ចំនួន ៣២ គ្រាប់
៦- ដងកឺ ឬឈើសម្រាប់បុក ចំនួន ០៦
៧- ប្រដាប់រៀបកូនប៊ីយ៉ាចំនួន ០១
៨- ទូរស្សន៍ ចំនួន ០២ គ្រឿង
៩- សន្លឹកបៀរចំនួន ១៤៩ សន្លឹក
បន្ទាប់ពី ប្រតិបត្តិការបង្ក្រាបចប់ វត្ថុតាង និងមនុស្សអ្នកលេង សមត្ថកិច្ចបានរៀបចំបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីបន្តការសាកសួរ និងបំពេញសំណុំរឿង តាមនីតិវិធី៕