​ប្តីប្រមឹកឲ្យតែស្រាចូលពោះមកដល់ផ្ទះវាយបំផ្លាញសម្ភារៈក្នុងផ្ទះនិងដេញកាប់ប្រពន្ធដល់ចូលដេកគុកទើបឈប់កាច

ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ឲ្យតែស្រាចូលពោះមកដល់ផ្ទះវាយបំផ្លាញសម្ភារៈក្នុងផ្ទះនិងដេញកាប់ប្រពន្ធយ៉ាងសាហាវដល់ចូលដេកគុកទើបឈប់កាច។បុរសចិត្តខ្លាំងនេះត្រូវនគរបាលឃាត់ខ្លួននៅវេលាម៉ោង៨ ព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២០ នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថាប្តីពូកែខាងបំផ្លាញមានឈ្មោះព្រឿង ថុល អាយុ៣៣ឆ្នាំ ចំណែកប្រពន្ធឈ្មោះកៅ ថោង អាយុ៣២ឆ្នាំរស់នៅភូមិយាងឧត្តម ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។លោកវរសេនីយ៍ឯក យ៉ត សុផលបានបញ្ជាក់ឲ្យដឹងថានៅមុនពេលកើតហេតុនោះប្តីបានមកពីផឹកស្រាស្រវឹងខ្លាំងមកដល់ផ្ទះស្រាប់តែរករឿងនិងប្រពន្ធដោយសារជាតិសុរ៉ាចូលពោះមិនអាចទប់អារម្មណ៍បានស្រាប់តែបញ្ចេញកំហឹងវាយឆ្នាំងបាយ វាយធុងស៊ីប្រូ វាយពាងទឹកបែកអស់មួយ នឹងបានវាយប្រពន្ធទាត់ចំក្បាលមួយជើងនិង យកកាំបិតដេញកាប់ដល់លើផ្ទះ កាប់ទ្វារស័ង្កសី រហែកមួយសន្លឹក នឹងកាប់ខ្លួន១កាំបិតតែគេចផុត ត្រូវចំចុងច្រមុះបន្តិច ពេលនោះប្រពន្ធស្រែកខ្លាំងឲ្យអ្នកជិតខាងជួយហើយបានគេចពីប្តីកំណាចរត់ ទៅប្ដឹងលោកមេភូមិ តែត្រូវប្តីតាមដេញកាប់ពីក្រោយទៀត ហើយបានគប់កាំបិតទៅលើនាងតែមិនត្រូវ បន្ទាប់មកប្តីកំណាចនេះត្រឡប់មកផ្ទះវិញហើយអង្គុយផឹកស្រា មានកំបិត ជំពាមកៅស៊ូ ដំបងឈើ ទុកដាក់ក្បែរខ្លួន ចាំបាញ់ចាំដេញកាប់ វាយ មិនប្រពន្ធចូលផ្ទះ ។លោកអធិការបានបញ្ជាក់ថាក្រោយពីបានទទួលពាក្យប្តឹងលោកបានដឹកនាំកំលាំងចុះដល់កន្លែងជនបង្កឃាត់ខ្លួនបានភ្លាម។ក្រោយពីសមត្ថកិច្ចសាកសួចម្លើយជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តិអំពើមិនគាប់បីលើប្រពន្ធពិតប្រាកដមែន ។ដោយផ្អែកលើចំលើយរបស់ជនសង្ស័យត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕