ខេត្តបន្ទាយមានជ័យ៖ស្ត្រីវ័យចំណាស់ម្នាក់ជិះម៉ូតូចូលកន្លងដល់ផ្លូវកោងរថយន្ត ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង១១ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងទីប្រជុំជន នៅលើផ្លូវលេខ៥៦A ចំណុចខាងត្បូងស្ថានីយ៍ប្រេងស៊ុនចន្ទ្រាចម្ងាយ៥០ម៉ែត្រ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ឯកជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថានៅមុពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៍ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ1Q-7150 បើកដោយឈ្មោះសុខ សុភាព ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិខ្លែងពណ៍ជើង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បើកពីជើងទៅត្បូងពុំមានពាក់បួកសុវត្ថិភាពពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែបើកចូលកន្លងផ្លូងកោងរថយន្តស្របពេលនោះមានរថយន្តម៉ាកនីសាន់ណាវ៉ារ៉ាពាក់ផ្លាកលេខបាត់ដំបង2C-9893 មិនស្គាល់អត្តសញ្ញាណអ្នកបើកក្នុងពីត្បួងទៅជើងច្រាសទិសគ្នាក្នុងល្បឿនលឿនលុះបើកមកដល់ចំណុចកើតហេតុផ្លូវកោងស្រាប់តែបុកនិងម៉ូតូជនរងគ្រោះបណ្តាលអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ក្រោយពីមានបុកមនុស្សស្លាប់អ្នកបើករថយន្តចុះគេចខ្លួនបាត់។លោកអធិការបានបញ្ជាក់ថាចំណែកម៉ូតូនិងរថយន្តត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍ស្រុកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរកម្ចាស់រថយន្តមកដោះស្រាយនៅពេលក្រោយ ។មូលហេតុបង្កឲ្យមានកើតមានគ្រោះថ្នាក់នេះ គឺបណ្តាលមកពីអ្នកបើកម៉ូតូមិនប្រកាន់ស្តាំផ្លូវកោង រីឯអ្នកបើករថយន្តលឿនចំណុចផ្លូវកោងសពត្រូវក្រុមគ្រួសារដឹកយកទៅផ្ទះធ្វើបុណ្យតាមប្រពៃណី ៕