ខេត្តព្រះវិហារ៖ អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា លោកទេសរដ្ឋមន្ត្រី គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានសមាគមសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការ លោក ប្រាក់ សុវណ្ណ ជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអតីតយុទ្ធជន និងសួរសុខទុក្ខអតីតយុទ្ធជន ប្រមាណ ១២០នាក់ នៅថ្ងៃទី៦មិថុនាឆ្នាំ២០២០ នៅសាលាខេត្តព្រះវិហារ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបង្ហាញរបាយការណ៍ ជូនគណអធិបតី ឲ្យដឹងថា នៅក្នុងឆ្នាំកន្លងមក សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត សម្រេចបាននូវលទ្ធផលសំខាន់ៗជាច្រើន ដូចជា បានបើកប្រាក់មរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន៣៣ គ្រួសារ ក្នុង១គ្រួសារ៤លានរៀល, បានសាងសង់ផ្ទះអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាក បានចំនួន ៦៤ខ្នង ទៀតផងដែរ។
អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ដែលត្រូវបានតែងតាំងជាប្រធានកិត្តិយស នៃគណៈកម្មធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ជំនួសអតីតអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ដែលត្រូវទៅកាន់ នៅខេត្តកំពង់ចាម។ លោក ប្រាក់ សុវណ្ណ បានប្ដេជ្ញាចិត្តថា នឹងបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវ តាមរដ្ឋធម្មនុញ្ញ ច្បាប់ គោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិនានា ព្រមទាំងគោលការណ៍ចាត់តាំង របស់អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ,អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវតាមលក្ខន្តិកៈរបស់សមាគមអតីតយុទ្ធជនកម្ពុជា ,គោរព និងអនុវត្តតាមសេចក្ដីសម្រេចចិត្ត មហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជា ទូទាំងប្រទេស។ លោកបន្តប្តេជ្ញាថា នឹងខិតខំដឹកនាំសម្របសម្រួលការងារ របស់គណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត អោយកាន់តែមានភាពរីកចម្រើន ,ខិតខំគៀងគរប្រភពធនធានសប្បុរសជននានា ពីគ្រប់មជ្ឈដ្ឋាន ដើម្បីទ្រទ្រង់មូនិធិសមាគមអតីតយុទ្ធជនកម្ពុជា ក្រុង-ស្រុក ,លើកកម្ពស់សាមគ្គីភាព និងឯកភាពផ្ទៃក្នុងរបស់គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ អោយបានជាដាច់ខាត។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់បងប្អូនអតីតយុទ្ធជន ដែលជានិច្ចជាកាល សម្តេចទាំងពីរ តែងតែគិតគូដល់សុខទុក្ខបងប្អូន និងសម្តេច បានចាត់រូបលោកផ្ទាល់ ក្នុងនាមអគ្គលេខាធិការសមាគម ដែលជាសេនាធិការឲ្យសម្តេចតេជោ ហ៊ុន សែន ចុះជួប និងដោះស្រាយបញ្ហាជូនបងប្អូន ជាបន្តបន្ទាប់នៅទូទាំងប្រទេស។ លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ នៅក្នុងខេត្តព្រះវិហារ ធ្វើឲ្យការងារសមាគម ដំណើរការទៅគួរឲ្យកត់សម្គាល់។
លោកទេសរដ្ឋមន្ដ្រី គន់ គីម លោកបានណែនាំ ឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ នៅក្នុងខេត្ត ត្រូវរួមគ្នាអនុវត្តការងារជាបន្តទៀត គឺត្រូវបន្តការចុះសួរសុខទុក្ខអតីតយុទ្ធជន ដើម្បីស្វែងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយពួកគាត់ ពេលមានបញ្ហាឲ្យបានទាន់ពេលវេលា និងត្រូវយកចិត្តទុកដាក់ អ្នកដែលរងការលំបាកពីជំងឺ COVID-19 ,ត្រូវរៀបចំកសាង ទីស្នាក់ការអតីតយុទ្ធជន នៅតាមបណ្តាថ្នាក់របស់ខ្លួន ដើម្បីមានកន្លែងធ្វើការរបស់ខ្លួន។ ដោយឡែក មេប៉ុស្តិ៍រដ្ឋបាលត្រូវយកចិត្តទុកដាក់ សមាជិកអតីតយុទ្ធជន នៅក្នុងឃុំរបស់ខ្លួន អោយបានម៉ត់ចត់ ,ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឲ្យអភិបាលខេត្ត រៀបចំលិខិតស្នើសុំដីទៅក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំសម្តេចតេជោ កសាងផ្ទះជូនបងប្អូនដែលអត់ដីអត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ ដែលនៅសល់ ១៦៦គ្រួសារ ជាបន្តទៀត។ លោកទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អតីតយុទ្ធជនទាំងអស់ ត្រូវរួមសាមគ្គី ឯកភាពគ្នា ជឿជាក់ គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយធ្វើជាភ្នាក់ងាររាយការណ៍ ឲ្យប៉ុស្តិ៍រដ្ឋបាល ដើម្បីផ្តល់ព័ត៌មានពីភាពមិនប្រក្រតី និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋាន ដើម្បីភូមិ ឃុំមានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ។ លោកទេសរដ្ឋមន្ត្រី គន់ គីម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន លោកបានឧបត្ថម្ភថវិកា ដល់បងប្អូនអតីតយុទ្ធជន ចំនួន ១២០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៣ម៉ឺនរៀល និងអង្ករ ២៥គីឡួក្រាម ថែមទៀត៕