ខេត្តកណ្តាល៖ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញពិកម្ពុជាទៅវៀតណាម ពីវៀតណាម មកកម្ពុជា តាមច្រកទ្វារទ្វេភាគីជ្រៃធំ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនបានដឹកកសិផលក្នុងស្រុកទៅលក់ដូរក្នុងប្រទេសវៀតណាមនោះ ម្នាក់ៗបានត្អូញត្អែរថា លោកគយជើងទឹកដែលដាក់ប៉ុស្តិ៍ជជុះនៅត្រង់មាត់ទន្លេបាសាក់ ក្បែរវត្តសំពៅមាស ក្នុងឃុំសំពៅពូននោះ បានកោសរូសពួកកាត់ខ្លាំងណាស់ គឺពួកគយនោះបានបង្ខំអោយពួកគាត់បង់ប្រាក់យ៉ាងច្រើនលើសលុបស្ទើរតែរកស៊ីមិនកើតទៅហើយ គឺមិនចំណេញទេ ។ ពួកគាត់រអ៊ូរទាំថា ទំនិញដែលជាប់ពន្ធ ត្រូវបានបង់ពន្ធចូលថវិការរដ្ឋហើយក៏ដោយក៏ក្រុមគយចល័តជើងទឹករបស់ ឌី ម៉ា ខាងលើនោះបង្ខំអោយបង់ប្រាក់អោយគាត់ទៀតផងដែរ ។
ពួកគាត់បានបន្តថា ក្នុងទូកទំនិញស្របច្បាប់ចំណុះពី ១០តោន ទៅ២០តោន ៣០តោន ត្រូវបង់លុយអោយលោក ឌី មា់ ជាមេក្រុមគយចល័តជើងទឹកនោះ ចាប់ពិ២០ម៉ឺនរៀល ទៅ៥០ម៉ឺនរៀល ក្នុងនោះដែរទូកដឹកពោត សណ្តែក ដំឡូង ស្រូវ អង្ករ ដែលជាកសិផលប្រជាពលរដ្ឋក្នុងស្រុកសោះនោះ ចាប់ពី១០ម៉ឺនរៀល ទៅ១៥ម៉ឺនរៀលផងដែរ បើមិនបង់ត្រូវបានគេឃាត់ទូកទុកអោយយូរ នាំអោយខូចគុណភាពទំនិញ នេះគឺជាការអះអាងបញ្ជាក់ពីក្រុមឈ្មួញ និងប្រជាពលរដ្ឋរស់នៅស្រុកស្អាង និងស្រុកកោះធំ ។
ហើយពួកគាត់សំណូមពរដល់លោកចាន់ សុខុម ដែលជាគណៈអភិបាលស្រុក លោកផៃ ប៊ុនឈឿន គណៈអភិបាលខេត្ត ពិសេសនោះមន្ត្រីគយជាន់ខ្ពស់មេត្តាជ្រាបជាដំណឹង និងមានវិធានការទប់ស្កាត់ផង ព្រោះលោកឌី ម៉ានោះប្រាប់គាត់ថា គេជាគយចល័តជើងទឹក ជាកូនចៅលោកជាប សៅ ដែលជាមេគយចល័តជើងទឹកទូទាំងប្រទេសឯណោះ ។ ករណិនេះអ្នកយកព័ត៌មានយើងមិនអាចស្វែងរកការពន្យល់ណាមួយពីមន្ត្រីគយខាងលើនោះ បានទេ ដោយសារភ្ជាប់ទូរស័ព្ទពុំបាន ៕