ខេត្តតាកែវ៖ ប្រជាពលរដ្ឋនៅស្រុកអង្គរបុរី និងបុរីជលសារបានសម្តែងការមិនសប្បាយចិត្ត ខណៈដែលពួកគាត់ដឹងថា ចៅហ្វាយខេត្ត និងនិងនាយខណ្ឌជលផលតាកែវបានឃុបឃិតគ្នាលួចលក់អតីតដែនឡូត៏នេសាទចំនួន៤កន្លែង គឺឡូត៏លេខ ១០,១១,១២,១៣,១៤ ដែលមានភូមិសាស្ត្រនៅក្នុងស្រុកអង្គរបុរី និងស្រុកបូរីជលសា បន្ទាប់ពីដាក់អោយឈ្មួញដេញថ្លៃបានហើយនោះ ត្រូវពួកឈ្មួញដាក់បន្តទៀតអោយទៅជនអន្តោប្រវេសវៀតណាមនាំឧបករណ៍ល្មើសច្បាប់នេសាទរាប់រយទូកចូលមកធ្វើសកម្មភាពនេសាទយ៉ាងអាណាធិបតេយ្យបំផុតនៅក្នុងរដូវបិទនេសាទនេះ ធ្វើអោយប្រជាពលរដ្ឋសម្តែងនូវការព្រួយបារម្ភយា់ងខ្លាំងពីការបាត់បង់នូវពួជមច្ឆារជាតិយើងនាពេលអនាគត ។
ប្រជាពលរដ្ឋបានចោទប្រកាន់ទៅលើលោកឡាយ វណ្ណៈ ចៅហ្វាយខេត្ត និងលោកកែន ស៊ីថាន ជានាយខណ្ឌជលផល ដាក់ដេញថ្លៃអតីតឡូត៏ចំនួន៤កន្លែងខាងលើអោយឈ្មួញកណ្តាលមានតម្លៃរាប់ម៉ឺនដុល្លារ អោយទៅឈ្មោះ ង្វៀង យ៉ាំងតេ ហៅតាតេ ជនជាតិវៀតណាម ឈ្មោះ យ៉ាំង យូ ហៅអាយូ ជនជាតិវៀតណាមដូចគ្នា ឈ្មោះម៉ា ម៉ាន ជនជាតិខ្មែរឥស្លាម និងឈ្មោះយ៉ាន់ វណ្ណៈ ជនជាតិខ្មែរ ខណៈពួកគេរត់ការបានរួចរាល់ហើយនោះ ឈ្មោះទាំង៤នាក់ខាងលើបាននាំទូកអន្តោប្រវេសវៀតណាម ដោយប្រើឧបករណ៍ល្មើសច្បាប់រាប់រយគ្រឿងចូលមកធ្វើសកម្មភាពនេសាទទាំងថ្ងៃទាំងយប់យ៉ាងអាណាធិបតេយ្យបំផុត ដោយគ្មានខ្លាចរអា ហើយត្រូវបានគេហាមយា់ងដាច់ខាតមិនអោយខ្មែរធ្វើការនេសាទនោះទេ លុះត្រាណាតែបង់លុយអោយពួកគេដូចទូកវៀតណាមដែរ ទើបពួកគេយល់ព្រមអោយធ្វើការនេសាទដោយអត់បញ្ហា។
ទូកនេសាទវៀតណាមនាំមកនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទមានដូចជា ឧបករណ៍សៃយ៉ឺនស្បៃមុង (ឡុក ឬសៃយ៉ឺនយក្ស) ធ្វើពីស្បៃមុង ឬសាច់អួនក្រឡាញឹកឬរង្វើល ដាក់លាតសន្ធឹងរាប់ពាន់ម៉ែត្រ ឧបរណ៍រ៉ាវកន្ទុយកណ្តុរឬទូកលបត្រីកេស ត្រីក្លាំងហាយ លបបង្កង លបក្តាម មងត្រីក្រាញ់ មងបីជាន់ ឬមងបង្ក្រាប លបឆ្កួត លបត្រីរ៉ស់ ត្រីឆ្តោរ និងទូកមងអួនកៀរ ជាច្រើនប្រភេទទៀត ដែលខ្លះបង្កប់ដោយដុំឆក់យកត្រីដោយភ្លើងអាគុយ បំឡែងចូលអាំងវ៉ុលទ័រ (ដុំឆក់) ។
សៃយ៉ឺនស្បៃមុង លូរត់របាំងព្រួលដាក់យកគូនត្រី ត្រីឆ្លូញ កំពិស ឬទូកដួសខ្យងខ្ចៅ និងដួសអន្ទង់ ឬកូនអន្ទង់ ។ល។ ប្រជាពលរដ្ឋដែលធ្វើការនេសាទត្រីជាលក្ខណៈគ្រួសារបានបន្តអោយដឹងទៀតថា ឈ្មោះម៉ា ម៉ាន ឈ្មោះយ៉ាំង យូ ឈ្មោះយ៉ាន់ វណ្ណៈ និងឈ្មោះង្វៀង យ៉ាំងតេ ហៅអាតេ បានទៅបោះទីតាំងដែលគេប៉ាវផ្តាច់មុខនីមួយៗនោះ ហើយចាំរាប់ក្បាលទូកនេសាទវៀតណាមដែលនាំចូលមកនោះយកលុយ ដែលក្នុងមួយទូក ចាប់ពី៣០០ដុល្លារ ទៅ៥០០ដុល្លារ ឬមួយពាន់ដុល្លារ តាមលក្ខណៈបទល្មើសនោះតូចឬធំ បើគិតជាលុយដុងវៀតណាមវិញមួយទូកស្មើនិង ៥លានដុង ទៅ១០លាន ២០លានដុង គិតជាលុយខ្មែរចាប់ពិ៨០ម៉ឺនរៀល ទៅ២លាន រហូត៥លានរៀល។
ក្នុងតម្លៃដែលត្រូវបង់ប្រាក់នេះពលរដ្ឋខ្មែរភាគច្រើនពុំមានលទ្ធភាពនោះទេ ហើយករណីលក់ឡូត៏នេះកំពុងធ្វើអោយពួកគាត់ជួបការលំបាកជាបន្តបន្ទាប់ទៀត ហើយដូច្នេះពួកគាត់ទាំងអស់គ្នាសំណូមពរយ៉ាងទទូចដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រមុខរាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្ម និងនាយកដ្ឋានរដ្ឋបាលជលផល មេត្តាជួយអន្តរាគមន៍លើវិធានការណាមួយជួយដោះស្រាយករណីលោកឡាយ វណ្ណៈ គណៈអភិបាលខេត្ត និងលោកកែន ស៊ីថាន ជានាយខណ្ឌរដ្ឋបាលជលផល លួចលក់អតីតដែនឡូត៏នេសាទទាំង៤កន្លែងខាងលើនេះផង។ ជុំវិញការចោទប្រកាន់ពីពលរដ្ឋខាងលើនេះ អ្នកយកព័ត៌មានយើងបានព្យាយាមភ្ជាប់ទូរស័ព្ទ ទៅលោកឡាយ វណ្ណៈ និងលោកកែន ស៊ីថាន ជាច្រើនដង ច្រើនសារ និងជាច្រើនថ្ងៃផងដែរ ប៉ុន្តែមិនអាចសុំការពន្យល់បានទេ ដោយសារទូរស័ព្ទរបស់លោកពេលខ្លះតេចូលអត់លើកទទួលទេ ហើយពេលខ្លះតេចូលទៅ ឆ្លើយថាជាប់រវល់ រហូតពេលខ្លះក៏តេមិនចូលទៀតផង៕