ខេត្តកំពង់ធំ៖ លោកជំទាវញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី រួមជាមួយលោកស្រី អ៊ាន សៀវម៉ី អគ្គនាយិកាក្រុមហ៊ុន GASTLEE DIAMOND.CO.LTD បានអញ្ជើញចុះសាកសួរសុខទុក្ខ មេបញ្ជាការ មេបញ្ជាការរង និងនាយ នៃបញ្ជាការដ្ឋនកងរាជអាវុធហត្ថខេត្តកំពង់ធំ ក្នុងឳកាស លោកស្រីអ៊ាន សៀវម៉ី បានជួយឧបត្ថម្ភ ម៉ាស៊ីនភ្លើងមួយគ្រឿង ដែលមានតំលៃ៥៤០០ដុល្លា ដើម្បីជួយសម្រួលការលំបាក់ ក្នុងកិច្ចការបំរើការងាររដ្ឋបាល នៃបញ្ជាការដ្ឋនកងរាជអាវុធហត្ថខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ ។
ពិធីប្រគល់ម៉ាស៊ីនភ្លើង ដោយមានការអញ្ជើញចូលរួម ជាអធិបតីភាព លោកជំទាវញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី អ៊ាន សៀវម៉ី អ្នកលក់ឡេ តាមប្រព័ន្ឋអនឡាញ ដែលបានទទួលភាពជោគជ័យ ក្នុងមុខរបរឡាយលក់ឡេ រួមទាំងប្រតិភូមិអមដំណើរ រួមទាំង លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ។
លោកស្រី អ៊ាន សៀវម៉ី បានលើកឡើងពី ការដែលបានមើលឃើញនូវផលពិបាក របស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលមានសភាពដាច់ភ្លើងជាញឹកញាប់ មិនថាយប់ឬថ្ងៃ ធ្វើឲ្យប្រឈមនិងបាត់បង់ទិន្ន័យ ក្នុងការចងក្រងសំណុំឯកសារផ្សេៗ ខណៈកំពុងតែប្រតិបត្តិការងារ នៅក្នុងរដ្ឋបាល ក៏ដូចជាតាមករិយាល័យនានា ចំណុះឲ្យ បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ទើបលោកស្រី អ៊ាន សៀវម៉ី បានសម្រេច ចិត្តនាំយកថវិកាផ្ទាល់ខ្លួន ទិញម៉ាស៊ីនភ្លើងខ្នាតធំ មួយគ្រឿង ដែលមានតំលៃ៥៤០០ដុល្លា ដើម្បីឧបត្ថម្ភជូន ដល់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលជាការចូលរួមចំណែក កសាងអភិវឌ្ឍន៍ ក្នុងវិស័យយោធាផងដែរ ក្នុងគោលបំណងបំរើសន្តិសុខ សុវត្តិភាព ជូនប្រជាពលរដ្ឋ ។
លោកជំទាវញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានមានប្រសាសន៍ កោតសរសើរ យ៉ាងខ្លាំងចំពោះទឹកចិត្តល្អប្រពៃរបស់ ប្អូនស្រី អ៊ាន សៀវម៉ី ដែលខ្លួនតូចតែមហិច្ចតាធំ ក្នុងការជួយដល់ប្រទេសជាតិ តាមរយះជួយឧបត្ថម្ភគាំទ្រ ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ខណៈកំពុងតែមានការខ្វះខាត ហើយនិងបន្តជួយតាមលទ្ធភាពទៀត ដែលអាចធ្វើបាន ដូចជាផ្លូវចូលបន្ទាយ និងជួយឧបត្ថមគាំទ្រសម្ភារៈ សម្រាប់ការធ្វើសួនដំណាំ បន្លែបង្ការ នៅក្នុងបន្ទាយ ដើម្បីជួយដោះស្រាយជីវភាពទ័ពដែរ។
លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្អូនស្រី អ៊ាន សៀវម៉ី និង លោកជំទាវញ៉ែម មរកត ដែលបានផ្តល់កិត្តិយស់ អញ្ជើញមកសួរសុខទុក្ខ និងបានជួយឧបត្ថម្ភម៉ាស៊ីនភ្លើង រួមទាំងថវិការ៣០០ដុល្លាបន្ថែមទៀត សម្រាប់ទិញសម្ភារធ្វើសួនច្បារដំណាំ និងបានកោតសរសើរ ប្អូនស្រី អ៊ាន សៀវម៉ី ដែលមានសណ្តានចិត្តល្អ ចេះជួយរំលែកនូវផលពិបាកខ្វះខាត របស់អង្គភាព និងសូមសន្យា ថា និងប្រើប្រាស់ម៉ាស៊ីនភ្លើង ឲ្យក្លាយជាប្រយោជន៍ដ៏ធំ សម្រាប់អង្គភាព កងរាជអាវុធហត្ថខេត្តកំពង់ធំ ទាំងមូល និងសូមគោរពជូនពរ ឲ្យសម្រេចជោគជ័យ ក្នុងការប្រកបមុខរបរ និងទទួលបានសេចក្តីសុខសេចក្តីចម្រើនទាំងក្រុមគ្រួសារ។
ដោយ ប៊ុន រដ្ឋា