កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក អធិការក្រុង ស្រុក មេឃុំចៅសង្កាត់ មេប៉ុស្តិជាច្រើនរូប។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានជម្រាបពីកិច្ចការចាំបាច់គឺក្តាប់សភាពការណ៍ទូទៅ និងដាក់ចេញវិធានការអនុវត្ត កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ធានា និងរក្សាបាននូវសភាពការណ៍ស្ងប់ស្ងាត់ និងល្អប្រសើរបានគ្រប់គោលដៅ យុទ្ធនាការបង្រ្កាប និងទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅទូទាំង ប្រទេស និងក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

ឯកឧត្តម បានដាក់ចេញនូវវិធានការមួយចំនួនដូចខាងក្រោម៖
១. បង្កើនកិច្ចសហប្រតិបត្តិការ និងរក្សាទំនាក់ទំនងល្អរវាងអាជ្ញាធរ និង​អជ្ញា​​​​ធរ កងកម្លាំង និងកម្លាំង ជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-ឡាវ ដោយពង្រឹងការផ្លាស់ប្តូរ​ព័ត៌មានគ្នាទៅវិញទៅមកជាប្រចាំ ដើម្បីបង្រ្កាប និងទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើស​ផ្សេងៗ​​ទៀត​នៅតាមបណ្តោយព្រំដែន។​
២. អនុវត្តឲ្យបានម៉ឺងម៉ាត់ និងម៉ត់ចត់ នូវវិធានបង្រ្កាប និងទប់ស្កាត់បទល្មើស​ធនធានធម្មជាតិក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

៣. អនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះការកាប់រានទន្ទ្រានដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។
៤. រដ្ឋបាលក្រុង-ស្រុក ត្រូវគ្រប់គ្រងដីធ្លី ដែលជាសម្បត្តិសាធារណៈរបស់​រដ្ឋ​ ឲ្យបាន​ហ្មត់ចត់ និង​ត្រូវទប់ស្កាត់ការចូលកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឲ្យបានទាន់​ពេល​វេលា។
៥. អភិបាលក្រុង-ស្រុក មេឃុំ-ចៅសង្កាត់​ ត្រូវ​បញ្ឈប់​ការបញ្ជាក់ដី​ ដែល​គ្មាន​​ការ​ចូលរួម និង​គ្មាននិយាមការ​​ពីមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម សំណង់​ និង​សុរិយោដីខេត្ត។

៦. ជម្រុញការ​រៀបចំផែនទី នៅ​តាមក្រុង-ស្រុក​ នូវ​ទីតាំងដែលប៉ះពាល់​លើដែន​បរិស្ថាន​ និង​ដីរដ្ឋផ្សេងៗទៀត​។
៧. រដ្ឋបាលក្រុង-ស្រុក ត្រូវ​ពន្លឿន​ការដោះស្រាយ​វិវាទដីធ្លី យ៉ាងហោចណាស់០២សំណុំរឿង ក្នុងមួយសប្ដាហ៏ ក្នុង​ករណី​ដោះស្រាយ​តាមនីតិវិធី​មិនជោគជ័យ​ ត្រូវបញ្ជូន​មក​គណៈកម្មការដោះស្រាយវិវាទដីធ្លី​ថ្នាក់ខេត្ត​។
៨. ​រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់​ នីមួយៗ ត្រូវ​ក្ដាប់ឱ្យ​បាន​អំពី​គ្រប់​មុខសញ្ញា​តវ៉ា​ ជា​ពិសេស​រឿងដីធ្លី​​ ធ្វើយ៉ាងណា​ទប់ស្កាត់​កុំឲ្យមក​តវ៉ាដល់​សាលាខេត្ត​ ឬ​ទៅ​តវ៉ា​ដល់​រាជធានី​ភ្នំពេញ បើ​ទប់​មិនជាប់ទេ ត្រូវ​រាយការណ៍​មក​ថ្នាក់ខេត្ត​ឲ្យបានទាន់ពេលវេលា​។

៩. មន្ទីរ​ដែនដី នគរូបនីយកម្ម សំណង់​ និង​សុរិយោដីខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ក្រុង-ស្រុក​ ពន្លឿន​ការចុះ​បញ្ជីដីរដ្ឋ​ ឲ្យបាន​មុន​ដំណាច់ឆ្នាំ២០២១ និង​សហការ​ជាមួយ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទខេត្ត​ ដើម្បី​ពន្លឿន​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច។​
១០. រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវ​ពន្លឿន​ការផ្ដល់​សេវាសាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ។​
១១. ត្រូវចូលរួម និង​ណែនាំ​ប្រជាពលរដ្ឋ​ ឲ្យគោរពច្បាប់ចរាចណ៍ផ្លូវគោក។

១២. ប្រធានមន្ទីរ អង្គភាព និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវចូលរួមត្រៀម​បង្ការ ​នូវ​គ្រោះ​មហន្តរាយដោយសារជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
១៣. រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ត្រូវរក្សាទំនាក់ទំនង ឲ្យបានល្អ ហើយត្រូវរៀបចំសោភណ្ឌភាព បរិស្ថាន​ តាមអង្គភាពរបស់ខ្លួនឲ្យបានស្អាត។
១៤.បញ្ហាកូវីដ១៩ នៅតែបន្តគំរាមកំហែងកម្ពុជា​យើង និង​ពិភពលោក​ ដូច្នេះ​ខ្ញុំ​សូម​ អាជ្ញាធរពាក់ព័ន្ធបន្ត​រឹតបន្តឹងវិធានការ​ដែលមានស្រាប់​ ដើម្បីកុំឲ្យមានការឆ្លងទៅ​សហគមន៍៕