កំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមរួមពិធីក្រុងពាលីសុំម្ចាស់ទឹក ម្ចាស់ដី តាមជួយថែរក្សាការពារ ក្នុងពិធីប្រណាំងទូក និងពិនិត្យស្តង់តាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងផលិតផលមួយ ។
សូមជម្រាបថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយរបស់បង ប្អូនប្រជាពលរដ្ឋក្រោមម្លប់សុខសន្តិភាព។ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ក្នុងថ្ងៃចេញព្រះវស្សា ព.ស.២៥៦៦ ថ្ងៃចន្ទ ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២.០០នាទី នៅវេទិការអុំទូក ស្ថិតក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ។ ដោយនៅពេលរាត្រី មានការរៀបចំបណ្ដែតប្រទីប និងអុចកាំជ្រួច។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏នឹងរៀបចំការតាំងពិព័រណ៍សមិទ្ធផលរបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយផលិតផលមួយ ព្រមទាំងមានការប្រគុំតន្ត្រីមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៩-១០-១១ ខែតុលា ឆ្នាំ២០២២ ។
គួរបញ្ជាក់ថា សម្រាប់ទូកដែលបានដាក់ពាក្យសុំចូលប្រកួតមានចំនួន ៤៥ទូក ក្នុងនោះទូកអុំបុរសខ្នាតវែង ២៤ទូក ស្មេីនឹង ១២គូ និងទូកខ្នាតអន្តរជាតិចំនួន ២១ទូក ស្មើនឹង ១០គូ ចំពោះកម្លាំងកីឡាករគឺ មានចំនួន ២២០៥នាក់ និងកម្លាំងត្រៀមចំនួន ៣៧៤នាក់ សរុប ២៥៧៩នាក់ ចំពោះការប្រណាំងទូក ង និងទូកខ្នាតអន្តរជាតិ គឺមានចម្ងាយ ១៨០០ម៉ែត្រ ដែលចាប់ផ្តើមអុំនៅម៉ោង ១១ និង ៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ ដោយមានការប្រគល់រង្វាន់ជ័យលាភី លេខ១ លេខ២ និងលេខ៣ ដោយឡែកក្នុងនោះក៏មានស្តង់តាំងពិព័រណ៍ចំនួន ១០៥ស្តង់ និងការប្រគំតន្ត្រីផងដែរ ។
ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមទស្សនាកម្សាន្ត ដោយសប្បាយរីករាយ ក្នុងពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប តាំងពិពណ៍ និងអុចកាំជ្រួច នៅក្រុងកំពង់ចាម ដែលនឹងប្រព្រឹត្តឡេីងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ឲ្យបានច្រើនកុះករ ដោយមានការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់អ្នកស្ម័គ្រចិត្តផងដែរ ៕