ដោយ៖ឡុង សំបូរ
ខេត្តស្ទឹងត្រែង៖ ប្រសាសន៍ណែនាំរបស់ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២កញ្ញា២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងទាំង៣ និងមេឃុំ-ចៅសង្កាត់ ផងដែរ នៅសាលាខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែងកោតសរសើរ ចំពោះមន្រ្តីរាជការ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ ដែលបានចូលរួមសហការគ្នា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របពេលរយៈពេលប៉ុន្មានថ្ងៃនេះ មានសកម្មភាពញុះញង់ ប្រឌិតព័ត៌មានភូតកុហក បោកប្រាស់ និងចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ដើម្បីបំភ័ន្តដល់មិតិសាធារណជន ក៏ដូចជាបំផុសចលនាធ្វើបាតុកម្មប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ក្នុងចេតនាប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ពីក្រុមពួកឧទ្ទាមក្រៅច្បាប់។
អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានជំរុញមន្ត្រីរាជការ និងកងកម្លាំងទាំងបី ត្រូវបន្តអនុវត្តគោលនយោបាយ “ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព” ឱ្យបានសកម្មផុសផុល និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងឱ្យបានហ្មត់ចត់ នូវមុខសញ្ញាគ្រប់ប្រភេទ នៅតាមសហគមន៍ ភូមិ-ឃុំ សង្កាត់ ដោយប្រើប្រាស់គ្រប់វិធានការ ,ត្រូវរួមគ្នាបង្កើនវិធានការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យបានម៉ឺងម៉ាត់ នៅតាមបណ្តាគោលដៅដែលបានដាក់ចេញ ដើម្បីធានារក្សាបាននូវសុខសន្តិភាព ,ត្រូវយកចិត្តទុកដាក់យាមកាម ល្បាតការពារ ទប់ស្កាត់ និងបង្រ្កាបឱ្យបានទាន់ពេលវេលា ចំពោះការប្រើប្រាស់អាវុធ គ្រឿងផ្ទះ កាំភ្លើងកែច្នៃ ដែលនាំឱ្យគ្រោះថ្នាក់ដល់សង្គម និងបង្កការភ័យខ្លាច ដល់ប្រជាជន។
ដោយឡែក មន្ទីរ អង្គភាពជុំវិញខេត្ត ត្រូវចាត់វិធានការកែលំអរមន្ទីរ អង្គភាពរបស់ខ្លួន មានសោភ័ណ្ឌភាព និងអនាម័យស្អាត ដែលជាបេះដូង នៃការទាក់ទាញភ្ញៀវទេសចរ ចូលមក ទស្សនាកំសាន្តខេត្តស្ទឹងត្រែង កាន់តែច្រើនទ្វេរឡើង៕