សមត្ថកិច្ចស្រុកឆែប ខេត្តព្រះវិហារ ចុះបង្ក្រាបរថយន្តដឹកឈើមួយគ្រឿង រឹបអូសឈើអារ ៧០សន្លឹក សង្ស័យឈ្មួញបានកាប់ និងដឹកជញ្ជូនចេញ ពីដែនជម្រកសត្វព្រៃព្រះរកា-ឆែប !

0

ខេត្តព្រះវិហារ៖ ដែនជម្រកសត្វព្រៃព្រះរកា-ឆែប គេនៅតែកត់សម្គាល់ឃើញថា ឈ្មួញមួយក្រុមតូចដែលមានឥទ្ធិពលអំណាច និងលុយកាក់យ៉ាងក្រាស់ក្រែល នៅតែបន្តធ្វើសកម្មភាពបំផុសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យសម្រុកចូលក្នុងព្រៃការពារដោយបរិស្ថាន កាត់ផ្លួល អារ ពុះ និងជ្រៀកដើមឈើធំៗ ដឹកជញ្ជូនយកទៅធ្វើជំនួញ ដោយគ្មានញញើតច្បាប់រដ្ឋបន្តិចណាសោះ។

ក្នុងសកម្មភាពបិទបាំងពីភ្នែកសមត្ថកិច្ច ដោយគ្មានញញើតច្បាប់នេះ បានញ៉ាំងឱ្យសមត្ថកិច្ចមូលដ្ឋាន មានកម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប ដែលដឹកនាំការចុះអនុវត្តច្បាប់ ដោយ លោក លិញ ស៊ឹមឡូត ប្រធានការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឆែប ក្រោយទទួលបានបញ្ជាពី លោក ឡង់ សុបិន អភិបាល នៃគណៈអភិបាលស្រុកឆែប ចុះស្ទាក់ចាប់រថយន្តដឹកជញ្ជូនឈើល្មើសច្បាប់មួយគ្រឿង នាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី៣០មេសា២០២៤ កន្លងទៅ ។

លោក លិញ ស៊ឹមឡូត បានឱ្យដឹង នៅថ្ងៃ២ឧសភានេះថា ក្រោយទទួលបានបញ្ជាពី លោក ឡង់ សុបិន អភិបាលស្រុកឆែប លោកបានដឹកនាំកម្លាំងចុះស្ទាក់ចាប់រថយន្តដឹកជញ្ជូនឈើល្មើសច្បាប់ មួយគ្រឿង ជាប្រភេទរថយន្តកែច្នៃ ឃ្លុប ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះវិហារ 2B-8586 និងរកឃើញឈើប្រភេទលេខ១ ជាច្រើនម៉ែត្រគូប នៅក្នុងរថយន្តនោះ។

លោក លិញ ស៊ឹមឡូត បានឱ្យដឹងទៀតថា រថយន្តដឹកជញ្ជូនឈើមួយគ្រឿង ដែលរងការបង្ក្រាបនោះ ម្ចាស់ត្រូវគេស្គាល់ ឈ្មោះ អ៊ួន អូន និងត្រូវគេដឹងថា ជាឈ្មួញឈើចាស់វស្សា រស់នៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ដោយឡែក ឈើដែលផ្ទុកក្នុងរថយន្ត ត្រូវសមត្ថកិច្ចរកឃើញ ជាឈើលេខ១ មានចំនួន ៧០សន្លឹក ស្មើនឹងជិត ៣ម៉ែត្រគូបត្រីគុណ។ វត្ថុតាងទាំងនេះត្រូវកម្លាំងសមត្ថកិច្ច ប្រគល់ទៅឱ្យមន្ត្រីបរិស្ថានការពារដែនជម្រកសត្វព្រៃ-ព្រៃឡង់ នៅក្នុងមូលដ្ឋាន កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តព្រះវិហារ ចាត់ការបន្តតាមច្បាប់៕ដោយ៖ឡុង សំបូរ