សៀមរាប៖ កោរជុក ជាពិធីកោរសក់ក្មេងស្រីប្រុស ដែលម្តាយឪពុករបស់ខ្លួនឱ្យទុកជាកំប៉ូតសក់នៅសល់តែត្រង់បង្ហើយក្បាល។ ជាទំនៀមទម្លាប់របស់ខ្មែរដែលមានវ័យចំណាស់មួយ ដែលនរវិទូបានយល់ថាប្រហែលមានកំណើតតាំងពីសម័យអង្គរមក។ ប៉ុន្តែបន្តិចម្តងៗទំនៀមនេះ ក៏លែងមានការនិយមដូចសម័យបុរាណ។ ពិធីកោរជុក មាននៅរស់ខ្លះៗ ហើយការប្រារព្ធពិធីនេះនៅមានស្ទើរតែពេញទម្រង់នៅតែតំបន់អង្គរ។ ជាឧទាហរណ៍ នាចុងខែមេសា ឆ្នាំ២០២៣ គ្រួសារមួយដែលរស់នៅក្នុងក្បែរជើងភ្នំបូក ភូមិតានី ឃុំរុនតាឯកនៃស្រុកបន្ទាយស្រី បានរៀបចំពិធីកោរជុកឱ្យកូនស្រីរបស់ខ្លួនមួយរូប អាយុពេញ១១ឆ្នាំ។
ពិធីនេះមានសភាពឱឡារិកហើយត្រូវចំណាយទ្រព្យធនច្រើន គេតែងរៀបចំចូលគ្នា ដោយមានក្មេងស្រីប្រុសច្រើននាក់ ដោយគ្រាន់តែមានលក្ខខណ្ឌប្រសិនបើធ្វើចូលគ្នាគឺចំនួនក្មេង ដែលកោរជុកត្រូវតែជាចំនួនសេស។ ពិធីកោរជុកនេះគេធ្វើឡើងមានរយៈពេល២ថ្ងៃនិងមួយយប់ ដោយមានកិច្ចសំខាន់ៗជាច្រើន។ បុរាណវិទូនិងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានឱ្យដឹងថា ពិធីកោរជុក គឺជាពិធីឆ្លងវ័យ ពោលគឺជាពិធីដែលបញ្ជាក់ពីដំណាក់កាលសំខាន់ៗនៃជីវិតមនុស្សម្នាក់ៗ ដែលខ្មែរបុរាណធ្វើឡើងសម្រាប់ក្មេងស្រីប្រុស ឬជំទង់ពុំទាន់ពេញវ័យដើម្បីឈានចូលពេញវ័យ។ ជាពិធីដែលខ្មែរបុរាណរៀបចំឡើងបង្ហាញពីដំណើរជិវិតមនុស្ស ដែលបានវិវត្តន៍ពីដំណាក់កាលនីមួយៗនៃវដ្តរបស់មនុស្ស។ ជាកិច្ចបង្ហាញពីការឆ្លងវ័យ ដែលប្រពៃណីខ្មែរកំណត់បញ្ចូលកុលបុត្រកុលធីតារបស់ខ្លួនឱ្យក្លាយទៅជាសមាជិកគ្រួសារខ្លួន ដែលពេញវ័យទៅក្នុងសង្គម ស្របតាមច្បាប់ប្រពៃណីយ៉ាងពេញលេញ។ ពិធីកោរជក់នេះ ក៏ជាកិច្ចញែកភេទរបស់ក្មេងស្រី និងក្មេងប្រុសឱ្យដាច់ពីគ្នា ហើយបន្ទាប់មកក្មេងប្រុសនឹងចេញទៅរៀនសូត្រ ស្វែងរកចំណេះវិជ្ជា រីឯក្មេងស្រីនឹងចូលទៅរកចំណេះខាងសេដ្ឋកិច្ច របៀបគ្របគ្រងគ្រួសារជាដើម៕