ខេត្តស្ទឹងត្រែង៖ គណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែង នៅថ្ងៃទី១សីហា២០២៤នេះ បានប្រកាសថា នឹងបិទផ្សារ បិទការលក់ដូររយៈពេលខ្លី ដើម្បីលាងសម្អាតផ្សារ បំបាត់ភាពកខ្វក់ និងការកែលំអរបរិស្ថាន ធ្វើយ៉ាងណាឱ្យផ្ទៃផ្សារទាំងក្នុង និងខាងក្រៅមានសោភ័ណ្ឌភាព បំបាត់ក្លិនស្អុយ ឆ្អេះឆ្អាប និងដើម្បីទទួលបានផាសុខភាព ដល់ប្រជាពលរដ្ឋ អាជីវករ ក៏ដូចសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង ផងដែរ។
ប្រធានគណៈអាជីវករផ្សារសាមគ្គីស្ទឹងត្រែង លោក សឹង មុន្នីរ័ត្ន បានបញ្ជាក់ថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន ផ្សារសាមគ្គីស្ទឹងត្រែង មានបរិស្ថានមិនសូវល្អ និងកំទេចកំទីសម្រាម ធូលី ដីប្រឡាក់ មានកិ្លនស្អុយ ធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាជីវករលក់ដូរក្នុងផ្សារ គណៈអាជីវករផ្សារបានប្រជុំឯកភាពបិទផ្សារ នៅវេលាម៉ោង ៤រសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដើម្បីលាងសម្អាតផ្សារទាំងបិវេណខាងក្នុង និងខាងក្រៅ ដើម្បីរក្សាបាននូវសោភ័ណ្ឌភាព និងប្រកបដោយផាសុខភាព ហើយផ្សារនឹងបើកឱ្យដំណើរការលក់ដូរឡើងវិញ នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៤ ជាធម្មតា។
លោក សឹង មុន្នីរ័ត្ន បានអំពាវដល់អាជីវករ និងសហគមន៍ផ្សារសាមគ្គីស្ទឹងត្រែង ឱ្យមានការចូលរួមសហការ យកក្តាទ្រាប់ឥវ៉ាន់បញ្ឈឡើង បោសសម្អាតប្រមូលសម្រាមតាមតូបនីមួយៗ យកមកចោលនៅទីតាំងប្រមូលសម្រាម និងបិទតូបឱ្យបានមុនម៉ោង ៤រសៀល ថ្ងៃទី២សីហា២០២៤ ដើម្បីសម្រួលដល់គណៈអាជីវករផ្សារ កម្លាំងសន្តិសុខ រៀបចំបាញ់ទឹកសម្អាតជុំវិញផ្សារ និងនៅខាងក្នុងផ្សារសាមគ្គីស្ទឹងត្រែង៕ ដោយ៖ឡុង សំបូរ