ក្រុមសិល្បករ យុវជន និងវិស័យឯកជនចូលរួមដង្ហែក្បួនព្យុហយាត្រា ដើម្បីអបអរសាទរព្រឹត្តិការណ៍រំលឹកគុណអង្គរ

0

សៀមរាប៖ រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ក្រុមសិល្បករ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្ស-និស្សិត រួមជាមួយវិស័យឯកជន ចំនួនប្រមាណ៤៥០នាក់ បានចូលរួមដង្ហែក្បួនព្យុហយាត្រា ចាប់ផ្តើមពីទីស្នាក់ការអង្គភាពនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរ ឆ្ពោះមកស្ពានហាលមុខប្រាសាទអង្គរវត្ត ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ តំណាងឯកឧត្តម ហង់ ពៅ អគ្គនាយកនៃអាជ្ញាធរជាតិអប្សរា បានសម្តែងនូវសេចក្តីរីករាយដែលក្រុមសិល្បករ និងវិស័យឯកជននៅក្នុងខេត្តសៀមរាប ចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ខួបទី៣១ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក  ក៏ដូចជា ការអបអរប្រចាំឆ្នាំនូវព្រឹត្តិការណ៍របស់អាជ្ញាធរជាតិអប្សរា គឺបុណ្យរំលឹកគុណអង្គរ ដើម្បីថ្លែងអំណរគុណដល់បុព្វបុរសដែលបានកសាងមរតកវប្បធម៌ទុកសម្រាប់ពួកយើង ទុកកេរដំណែលមួយ និងសង្ឃឹមថា ពួកយើងទាំងអស់គ្នារំលឹកថ្ងៃនេះ ហើយនឹងចូលរួមចំណែកអភិរក្សសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។

លោក សេង សុធារ៉ា បានថ្លែងអំណរគុណដល់ក្រុមសិល្បករ យុវជន វិស័យឯកជនទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមអបអរសាទរព្រឹត្តិការណ៍ដែលអាជ្ញាធរជាតិអប្សរាប្រារព្ធកម្មវិធីនេះឡើង៕