ពលរដ្ឋជាង ៦០ គ្រួសារដាក់ពាក្យចូលរដ្ឋបាលខេត្ត សុំសិទ្ធិកាន់កាប់លើដីតំបន់ ៣ ដែលខ្លួនអាស្រ័យផលជាង ១០ ឆ្នាំកន្លងមក

0

ខេត្តបាត់ដំបង៖ កន្លងទៅថ្មីៗនេះក្រុមជំនាញខេត្តបាត់ដំបង បានចុះវាស់វែងធ្វើការកាត់ឆ្វៀលដីតំបន់បីទៅឲ្យប្រជាពលរដ្ឋដែលអាស្រ័យផលកន្លងមក តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងនោះក៏មានស្រុកមោងឬស្សីផងដែរ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺមានប្រជាពលរដ្ឋចំនួន ៦១ គ្រួសារ ដែលបានអាស្រ័យផលបង្កបង្កើនផលរយៈពេលរាប់ឆ្នាំមកហើយ បែរជាពុំត្រូវបានការកាត់ជ្វាលពីសំណាក់មន្ត្រីជំនាញឡើយ ដែលពួកគាត់ទាំងអស់គឺរស់នៅក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

យោងតាមខ្លឹមសារ ដែលប្រជាពលរដ្ឋទាំងអស់ បានធ្វើសំណើរផ្ញើជូនទៅគណៈអភិបាលខេត្ត តាមរយៈរដ្ឋបាលខេត្ត កាលពីថ្ងៃទី ២ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ គឺពួកគាត់បានលើកឡើងថា ដីស្រែនៅក្នុងតំបន់ ៣ ដែលពួកគាត់អាស្រ័យផលជាង ១០ ឆ្នាំមកហើយនោះ គឺនៅចំណុច តានុបរាំង អូរពងកន្សោង បឹងយ៉ាប អូរតាចាន់ បឹងអាសាមសិប បឹងកណ្ដុរ បឹងសេក បឹងឃុនជិត និង អូររាំងអង្ក្រង ដែលចំណុចទាំងអស់ខាងលើនេះស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ។ ដែលសំណាងរបស់ពួកគាត់មានទាំងស្នាមមេដៃ។របស់ប្រជាពលរដ្ឋទាំង ៦១ គ្រួសារផងនោះ បានសំណូមពរដល់លោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង មេត្តាជួយកាត់ជ្វាលដីតំបន់បី ដែលពួកគាត់ធ្លាប់បានអាស្រ័យផលកន្លងមក ឱ្យពួកគាត់បានគ្រប់គ្រងដីទាំងនោះជាកម្មសិទ្ធិផ្ទាល់ខ្លួនផង ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

លុះនៅថ្ងៃទី ១៩ ខែមេសា ម្សិលមិញនេះ តាមការទាក់ទងពីសំណាក់ប្រជាពលរដ្ឋមកកាន់រដ្ឋបាលខេត្តដែលជាកន្លែងទទួលពាក្យរបស់ប្រជាពលរដ្ឋ គឺបានឲ្យដឹងថា ឯកសាររបស់ពួកគាត់ត្រូវបានបញ្ជូនទៅកាន់ទីចាត់ការអន្តរវិស័យ សាលាខេត្តបាត់ដំបងហើយ ដើម្បីពិនិត្យទៅតាមលក្ខណៈបច្ចេកទេសរបស់ក្រុមជំនាញ។ តាមរយៈទូរសព្ទកាលពីម្សិលមិញនេះ លោក សាន ទិត្យវីរៈ នាយកទីចាត់ការអន្តរវិស័យ បានបញ្ជាក់ប្រាប់សារព័ត៌មានថា ឯកសាររបស់ប្រជាពលរដ្ឋទាំង ៦១ គ្រួសារ គឺលោកបានទទួលហើយ ដោយបច្ចុប្បន្នលោកកំពុងពិនិត្យទៅលើឯកសារទាំងនោះ មុននឹងបន្តនីតិវិធី ។

ដោយឡែកប្រជាពលរដ្ឋក៏បានសំណូមពរយ៉ាង ទទួច ដល់អាជ្ញាធរខេត្ត ក៏ដូចជាប្រមុខនៃរាជរដ្ឋាភិបាល ដើម្បីសុំឱ្យបានកាន់កាប់ដីធ្លីស្របច្បាប់ស្របពេលដែលរាជរដ្ឋាភិបាលចេញបទបញ្ជាឲ្យកាត់ឆ្វៀល ដីដែលពលរដ្ឋបានអាស្រ័យផលនាពេលកន្លងមក ព្រោះថ្មីៗនេះការកាត់ជ្វាលដីនៅតំបន់ខាងលើ គឺក្រុមជំនាញគេធ្វើឡើងតែប៉ុន្មានគ្រួសារប៉ុណ្ណោះ៕ អត្ថបទ : ពាយ័ព្យ