បំបែកសំណុំរឿងចាប់ជំរិត ធ្វើទារុណកម្មរវាងចិន និងចិន តាមបង្ក្រាបជនដៃដល់៤នាក់ នៅកណ្ដាលថ្ងៃ

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ ការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល បានទទួលបណ្តឹងពីឈ្មោះ Tang XinJue អាយុ៤១ឆ្នាំថា មិត្តភ័ក្ររបស់ខ្លួន (ជនរងគ្រោះ) ឈ្មោះ Wang WenXing ត្រូវជនជាតិចិនមួយក្រុមចាប់យកទៅបង្ខាំងទុកនៅទីកន្លែងមួយ។ បន្ទាប់មកក្រុមជនសង្ស័យបានប្រើគណនីវីឆាតរបស់ជនរងគ្រោះឈ្មោះ Wang WenXing មកប្រពន្ធជនរងគ្រោះ (នៅប្រទេសចិន) ជំរិតទារប្រាក់ចំនួន ៥០០,០០០Yuan (ហាសិបម៉ឺនយ័ន្ត) ប្រមាណ៧ម៉ឺនដុល្លារ ជាការដោះដូរជាមួយជនរងគ្រោះ បើមិនព្រមវេរលុយឲ្យទេ ពួកវានឹងសម្លាប់ចោល។
នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការបំបែកសំណុំរឿង ចាប់ជំរិត និងធ្វើទារុណកម្មមួយករណី បានដោយជោគជ័យ ក្រោយប្រើប្រាស់ពេល៣ថ្ងៃ និងបង្ក្រាបជនដៃដល់ចំនួន៤នាក់ ជនជាតិចិន ដែលកំពុងរត់គេចខ្លួននៅកណ្ដាលព្រៃ ចំណុចពយថ្មយក្ស ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រមទាំងរំដោះជនរងគ្រោះម្នាក់ផងដែរ ។
ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ជាមួយកម្លាំងជំនាញស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវ ដោយយកចិត្តទុកដាក់និងសកម្ម ដើម្បីរំដោះជនរងគ្រោះ និងចាប់ជនសង្ស័យបាននៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០។
កម្លាំងសហការបានចាប់ជនសង្ស័យចំនួន ២នាក់ ភេទប្រុស ជនជាតិចិន នៅតាមបណ្តោយផ្លូវជាតិ ទីរួមខេត្តកំពង់ស្ពឺ ខណៈជិះរថយន្តមួយគ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AN-4020 ហើយបានដកហូតយកវត្ថុតាងទូរស័ព្ទចំនួន ៣គ្រឿង ក្នុងនោះមានទូរស័ព្ទ១គ្រឿង ជារបស់ជនរងគ្រោះ និងស៊ីមកាត ចំនួន២ (មធ្យោបាយជំរិតទារប្រាក់)។
បន្ទាប់មកសមត្ថកិច្ចជំនាញនគរបាលខេត្ត និងកម្លាំងអន្តរាគមន៍ពិសេស បានបន្តធ្វើការស្រាវជ្រាវរំដោះជនរងគ្រោះទាំងយប់ ក្នុងស្ថានភាពស្រាត ដៃទាំងសងខាងមានជាប់ខ្សែស៊ីល និងកមានខ្សែចងជាប់ខ្លួន នៅចំណុចពយថ្មយក្ស (ក្នុងព្រៃជាប់មាត់សមុទ្រ) ឃ្លាតពីផ្លូវសម្តេចសង្ឃ២គីឡូម៉ែត្រ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ តែជនសង្ស័យ (ដែលយាមជនរងគ្រោះ) បានដឹងខ្លួនមុនរួចរត់ចូលក្នុងព្រៃជ្រៅ ខណៈនោះមេឃកំពុងភ្លៀងខ្លាំង តែកម្លាំងនៅតែបន្តរុករកយ៉ាងសកម្ម។
រហូតដល់រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ទើបកម្លាំងជំនាញចាប់ខ្លួនបានជនសង្ស័យចំនួន២នាក់ទៀត កំពុងសម្ងំលាក់ខ្លួនក្នុងព្រៃ នៅចំណុចពយថ្មយក្ស។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យដែលាកម្លាំងជំនាញបង្ក្រាបបាននេះ ទី១៖ឈ្មោះ Wei ShunCheng អាយុ២៧ឆ្នាំ, ទី២៖ឈ្មោះ Teng JiaLiang អាយុ២៩ឆ្នាំ, ទី៖ឈ្មោះ Song XiaLing អាយុ៣៤ឆ្នាំ និងទី៤៖ឈ្មោះ Zhang YiBo អាយុ២៦ឆ្នាំ។
វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទចំនួន ៣គ្រឿង, ស៊ីមកាតចំនួន២ (មធ្យោបាយជំរិតទារប្រាក់), ខ្សែស៊ីល ២ខ្សែ (ចងដៃជនរងគ្រោះ), ខ្សែពួរ១ (ចងកភ្ជាប់ជាមួយជើងជនរងគ្រោះ), ស្កុត (រុំដៃជនរងគ្រោះ), រថយន្ត១គ្រឿងម៉ាក HighLander ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AN-4020 (មធ្យោបាយចាប់ជនរងគ្រោះ)។ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕