ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩ទទួលអំណោយពីសប្បុរសជន

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០, លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន នាំយកអំណោយរបស់សប្បុរសជន នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ នៅសង្កាត់ព្រៃតាហ៊ូ ចំនួន ១៥០គ្រួសារ និងសង្កាត់អាចារ្យលាក់ ចំនួន៥០គ្រួសារ។ ក្នុងឱកាសនោះដែរលោកអភិបាលក្រុងស្ទឹងសែន អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារនៃឆ្លងរីករាលដាលរលកទី២ ជំងឺកូវីដ១៩ ក្នុងមូលដ្ឋាន! ក្នុងន័យនេះប្រជាពលរដ្ឋទាំងអស់ចាំបាច់ត្រូវបង្កើននូវការយកចិត្តទុកដាក់ដោយរក្សាអនាម័យ ត្រូវពាក់ម៉ាសការពារ ប្រើប្រាស់កន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ឧស្សាហ៍លាងដៃញឹកញាប់ជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ដោយដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង និងមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ។ ទន្ទឹមនេះ ដើម្បីជួយទ្រទ្រង់ជីវភាពឲ្យកាន់តែប្រសើរ លោកអភិបាលក្រុងអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការដាំដុះដំណាំរួមផ្សំនៅជុំវិញផ្ទះ និងចិញ្ចឹមសត្វលក្ខណៈគ្រួសារ សម្រាប់ជាម្ហូបអាហារសម្រាប់បរិភោគប្រចាំថ្ងៃ ជួយកាត់បន្ថយចំណាយប្រចាំថ្ងៃ ជាពិសេសជួយថែរក្សាសុខភាពគ្រួសារតាមរយៈការបរិភោគបន្លែ និងសាច់សត្វ ដែលមានប្រភពច្បាស់លាស់គ្មានសារធាតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព។ លោកអភិបាលក្រុង បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ជួយថែរក្សាដីចំណីផ្លូវសម្រាប់ ធ្វើការអភិវឌ្ឍនៅថ្ងៃអនាគត និងជួយអប់រំកូនចៅឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រមទាំងចៀសឲ្យឆ្ងាយពីគ្រឿងញៀនផងដែរ។