ខេត្តកំពង់ឆ្នាំង៖ឯកឧត្តមទេសរដ្ឋមន្ត្រី គុយសុផល បានដឹកនាំប្រតិភូក្រសួងចុះធ្វើការត្រួតពិនិត្យផ្លូវលំមួយខ្សែប្រវែង 14.200គីឡូម៉ែត្រដែលបំបែកចេញពី ឃុំច្រណូក ឆ្ពោះទៅឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ការចុះត្រួតពិនិត្យផ្លូវមួយខ្សែនេះធ្វើឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ នៅនៅឃុំផ្លូវទូក ស្រុកកំពង់លែង ឯកឧត្តម គុយ សុផល ទេសរដ្ឋ មន្រ្តី និងប្រតិភូក្រសួងអមដំណើរ ដោយ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង លោកអភិបាលនៃគណអភិបាលស្រុក បានអញ្ជើញចុះទៅត្រួតពិនិត្យមើលផ្លូវលំ ១ខ្សែក្រាលក្រួសក្រហមមាន ប្រវែងៈ១៤.២០០ម កំពុងស្ថាបនាដោយក្រុមគ្រឿង ចក្រធុនធំសម្តេចឪប្រចាំនៅព្រះបរមរាជវាំង បច្ចុប្បន្នសម្រេចបាន ៩០ភាគរយហើយ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី គុយ សុផល បានជម្រាបជូនថាៈ ផ្លូវលំក្រាលក្រួសក្រហមដែលមានប្រវែង ១៤.២០០ម នេះគឺជាព្រះរាជអំណោយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះ មហាក្សត្យនៃព្រះរាជាណាចក្រកម្ពុ ជា ។
ផ្លូវលំនេះមានសារៈយ៉ាងសំខាន់ណាស់របស់បងប្អូនប្រជាជនយើងទូទៅ ពិសេសក្នុងការចូលរួមកសាងជាតិមាតុភូមិប្រកបដោយចីរភាព និងផែនការ មេ និងគោលនយោបាយជាតិក្នុង ការកាត់បន្ថយតម្លៃ សម្រួលការដឹកជញ្ជូនទំនិញនិងផលិតផលរបស់បងប្អូនប្រជាពលរដ្ឋនៅទី នោះ ក៏ដូចនៅទូទាំងប្រទេស។
ឯកឧត្ដម ទេសរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើ និង ក្រើនរំលឹកដល់ក្រុមគ្រឿង ចក្រដែលកំពុងសាងសង់ធ្វើយ៉ាង ណាឱ្យបានរួចឆាប់ កិនបង្ហាប់ឱ្យមានទាំងបរិមាណ និងគុណភាពខ្ពស់ដែលអាចទទួលយកបានទាំងអស់គ្នា ហើយអាជ្ញាធរគ្រប់លំដាប់ និងប្រជាជនធ្វើយ៉ាងណារួមសហការគ្នាឱ្យបានជិតស្និតបំផុតរវាងប្រជាជន និងរដ្ឋអំណាចជួយថែរក្សាការពារឱ្យបានល្អប្រសើរ ៕