ខេត្តកំពង់ធំ៖ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគ ទី ៤ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផល ការងារយោធា សន្តិសុខប្រចាំខែឧសភា និងដាក់ចេញ នូវទិសដៅអនុវត្តន៍បន្ត ប្រចាំខែមិថុនាឆ្នាំ ២០២០ ដោយកិច្ចប្រជុំនេះ បានធ្វើនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ ។
ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមេបញ្ជាការគ្រប់បណ្ដា កងឯកភាពចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅក្នុងពិធី.នៃកិច្ចប្រជុំនេះ ក៏បានការកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមេបញ្ជាការ គ្រប់បណ្ដាកងឯកភាពចំណុះ ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចដែលថ្នាក់លើបានប្រគល់និងសម្រេចបានជោគជ័យគួរជាទីមោទនៈ និងការចូលរួមសហការអនុវត្តន៍ នូវគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាព រួមចំណែកក្នុងកិច្ចការពារ សេចក្ដីសុខសាន្តជូនប្រជាជន ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន ក៏បានសង្កត់ធ្ងន់លើការងារ កសាងអង្គភាព ការងារប្រឡងប្រណាំង បង្ករបង្កើនផល ចិញ្ចឹមសត្វ លើកស្ទួយជីវភាពរស់នៅរបស់យោធិន ក្នុងកងឯកភាពនីមួយៗ បានល្អប្រសើរ រួមទាំងការងារមនុស្សធម៌ ជួយដោះស្រាយការលំបាក ជូនអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាព លំបាក ខ្វះខាត នៅតាមមូលដ្ឋាន ក្នុងខេត្តកំពង់ធំ បានយ៉ាងសកម្មផងដែរ ។
ឯកឧត្តម ឧត្ដមសេនីយ៍ទោសោម ស៊ុន ក៏បានកោតសរសើរ បងប្អូនយោធិនទាំងអស់ដែលបាន អនុវត្តន៍ បានយ៉ាងខ្ជាប់ខ្ជួន តាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីវិធានការការពារទប់ស្កាត់ ការឆ្លងមេរោគកូវីដ១៩ បានជោគជ័យ និងសុំឲ្យយោធិនទាំងអស់ នឹងក្រុមគ្រួសារបន្តការ ប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីជៀសផុតពីជំងឺដ៏កាចសាហាវនេះ ។
នៅក្នុងពិធីក៏បានចែកបរិក្ខារពេទ្យសម្រាប់ ការពារទប់ស្កាត់ការឆ្លង មេរោគកូវីដ១៩ជាលើកទី៣ មានម៉ាស់ ចំនូន៣,០០០ ម៉ាស់ អាល់កុលសម្លាប់មេរោគសម្រាប់លាងសំអាតដៃចំនួន២៥០ដប និងសាប៊ូសម្រាប់ លាងសំអាតដៃចំនួន៣៤៥ដប ជូនគ្រប់ស្ថាប័ន និងកងឯកភាព ហើយនឹងបានដាក់ផែនការដល់ ផ្នែកសុខាភិបាល និងគិលាដ្ឋាន បន្តចុះបាញ់ថ្នាំសម្លាប់មេរោគ ជាលើកទី២ នៅគ្រប់បណ្តាផ្នែកសឹករងទាំង៩ និងវរសេ នាតូចទាំងពីរ ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ ។
ដោយ ប៊ុន រដ្ឋា