ខេត្តស្ទឹងត្រែង៖កាលពីព្រឹកទី០៩មិថុនា ២០២០ កម្មករប្រម៉ាណជាង៣០០នាក់ បានលើកគ្នាមកតវ៉ានៅមុខស្នាក់ការក្រុមហ៊ុនអង្គរបាណាណា (ផលិតចេកអំបូងលឿង)ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វា
យ ស្រុកបុរីអូរស្វាយសែនជ័យ ដើម្បីស្នើសុំឲ្យមន្ទីរជំនាញពាក់ព័ន្ធ ជួយពិនិត្យ និងដោះស្រាយការងារជូនកម្មកក្នុងក្រុមហ៊ុននេះផង ដោយសារមេការទើបមកថ្មី បានប្រើកម្មករមិនអនុវត្តតាមកិច្ចសន្យា ។តំណាងកម្មករម្នាក់ឈ្មោះ ឈាន សំណាងបានស្នើឲ្យលោកប្រធានមន្ទីរបណ្តុះបណ្តាលការងារនិងវិជ្ជាជីវៈខេត្ត តាមរយ:បណ្តាញព័ត៌មាន សូមឲ្យអញ្ចើញមកពិនិត្យពីសកម្មភាពការងារកម្មករផង ពីព្រោះក្រុមកម្មករទាំងនេះ បានរងការគៀបសង្កត់ពីសំណាក់មេការជនជាតិវៀតណាមដែលមកថ្មី ដោយប្រើកម្មករក្នុងអកប្បកិរិយាមើលងាយ និងបានប្រើពាក្យសម្តីមិនសមរម្យហើយមិនគោរពតាមកិច្ចសន្យាការងាររបស់ក្រុមហ៊ុនទៀតផង ។ ក្រុមកម្មករបានលើកឡើងថា:មេការថ្មីនេះ ទើបតែចូលមកបំពេញការងារ មិនទាន់ទាំងបាន២ខែផង ហ៊ានប្រមាថមើលងាយ និងដកការងារមិនឲ្យកម្មករធ្វើទៀត ឯប្រាក់ខែក៏បើកមិនបានទៀងទាត់ ហើយជ្រើសរើសកម្មករថ្មីដែលជាខ្សែរយ:របស់ខ្លួន ឲ្យចូលមកធ្វើការជំនួសវិញ ធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ។
លោក ហ៊័រ ហ្វាងយុង មេការក្នុងចំការចេកក្រុមហ៊ុនអង្គរបាណាណា បានចេញមកធ្វើ
ការសម្របសម្រួលជាមួយកម្មករដែរ តែហាក់មិនមានដំណោះស្រាយណាមួយជូនកម្មករនោះឡើយ ។
ពាក់ព័ន្ធនិងករណីខាងលើនេះផងដែរ លោក ប៊ួរ វីរុន ប្រធានមន្ទីរបណ្តុះបណ្តាលការងារ និងវិជ្ជាជីវៈខេត្តស្ទឹងត្រែង បានសំណូមពរឲ្យកម្មករទាំងអស់ សូមធ្វើការអត់ធ្មត់ និងបំបែកហ្វូងចេញពីមុខទីស្នាក់ការរបស់ក្រុមហ៊ុនសិន ដើម្បីទុកឱកាសឲ្យមន្ត្រីស្ថាប័នមានសមត្ថកិច្ច ធ្វើការដោះស្រាយជូន
នៅថ្ងៃទី១០មិថុនាខាងមុខ ។
សូមបញ្ជាក់ថា៖កម្មករធ្វើការនៅចំការចេកនេះ ពួកគាត់ចង់បានការងារធ្វើគ្រប់គ្រាន់ ហើយប្រាក់ខែក៏ត្រូវគ្រប់ចំនួន និងទៀងទាត់ ពួកគាត់សុំមិនឲ្យមានការបញ្ឈប់កម្មករចាស់នោះទេ ព្រោះពួកគាត់ជាអ្នកមកពីខេត្តឆ្ងាយ គឺគ្រាន់តែមកក្នុងការលក់កម្លាំងពលកម្មនៅទីនេះសម្រាប់ដូរយកប្រាក់កម្រៃ
ដើម្បីដោះស្រាយជីវភាពតែប៉ុណ្ណោះ ៕