ស្រាចិនសែតាំងគួយសម្លាប់កម្មករសំណង់៤នាក់និង១១នាក់កំពុងជួយសង្គ្រោះ

បន្ទាយមានជ័យ: អ្នកញៀនស្រាថ្នាំចំនួន០៤នាក់បានស្លាប់និង១១នាក់ផ្សេងទៀតកំពុងសង្គ្រោះបន្ទាន់ ខណៈដែលពួកគេបានជួបជុំគ្នាផឹកស្រាថ្នាំប៉ូវកំលាំងក្រោយសម្រាកពីការងារ។ហេតុការណ៍ពុលស្រាថ្នាំឈានដល់ការស្លាប់និងសង្គោះបន្ទាន់បានកើតឡើងនៅល្ងាចថ្ងៃទី០៩ខែមិថុនាឆ្នាំ២០២០ក្នុងភូមិសាស្ត្រស្រុកមង្គលបូរីនិងក្រុងប៉ោយប៉ែត។
លោក ស៊ិន ណារ៉ាក់ អធិការនៃអធិការដ្ឋានស្រុកមង្គលបូរីបានប្រាប់តាមទូរសព្ទ័នៅព្រឹកថ្ងៃទី១០ខែមិថុនានេះថា ជនរងគ្រោះសុទ្ធសឹងជាកម្មករសំណង់។ពួកគេបានផឹកស្រាចិនសែប្រភេទប៉ូវកម្លាំងមានយីហោ តាំងគួយ ក្នុងអំឡុងថ្ងៃអាទិត្យនិងថ្ងៃចន្ទ័ក្រោយម៉ោងសម្រាកការងារនៅបួនទីតាំងផ្សេងគ្នានិងបួនក្រុម។ក្នុងនោះបីក្រុមផឹកស៊ីនៅក្នុងស្រុកម៉ាឡៃនិងមួយក្រុមទៀតផឹកស៊ីនៅក្នុងក្រុងប៉ោយប៉ែត។
លោកអធិការស្រុកមង្គលបូរីបានបញ្ជាក់បន្ថែមថាជនរងគ្រោះដែលបានស្លាប់ទាំងបួននាក់គឺជាសមាជិកនៃក្រុមនិមួយៗ គឺមួយក្រុមស្លាប់ម្នាក់។ហើយអ្នកស្លាប់ទាំង៤នាក់មានបីនាក់ជាអ្នករស់នៅក្នុងស្រុកមង្គលបូរីនិងម្នាក់ទៀតជាអ្នករស់នៅក្នុងក្រុងប៉ោយប៉ែត។ដោយឡែកជនរងគ្រោះដែលកំពុងសង្គ្រោះបន្ទាន់ទាំង១១នាក់មាន៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរីនិង២នាក់ទៀតសម្រាកនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
ជុំវិញករណីពុលនេះដែរលោកអធិការស្រុកមង្គលបូរីក៏បាននិងកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋានដើម្បីចាត់ការតាមនីតិវិធីច្បាប់លើអ្នកផលិតស្រាចិនសែតាំងគួយដែលធ្វើអ្នកផឹកស្លាប់បន្តបន្ទាប់។