ប្រជាពលរដ្ឋនិងអតីតយុទ្ធជន៨គ្រួសារទទួលបានអំណោយពី ឯកឧត្តម បណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ 

ខេត្តកំពង់ធំ៖ អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ធំ មានជីវភាពខ្វះខាត រស់នៅប្រចាំថ្ងៃ បានទទួល អំណោយពី ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិតហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិតហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា និងសហការី បាន នាំយកនូវអំណោយចុះចែកជូន ប្រជាពលរដ្ឋចំនួន៧គ្រួសារ រស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ   និងអតីតយុទ្ធជនមួយគ្រួសារ រស់នៅភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុកខេត្តកំពង់ធំ ។

ក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋ និងអតីតយុទ្ធជន ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសំណេះ​សំណាលប្រកបដោយក្តីរាកទាក់រួសរាយ ក្នុងសកម្មភាពមនុស្សធម៌ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា  ដែលជានិច្ចជាការសម្ដេចតែងតែគិតគូរពីសុខទុក្ខនិង ជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា សម្ដេចមិនដែលបំភ្លេចបងប្អូនប្រជាពលរដ្ឋក៏ដូចជាអតីតយុទ្ធជនណាម្នាក់ឡើយ តែងតែក្រើនរំលឹកដល់អាជ្ញាធរដែនដីនិងគណៈកម្មាធិការសមាគមអតីតយុទ្ធជន នៅគ្រប់ជាន់ថ្នាក់ មើលថែពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនជាប់ជានិច្ច។

ចំពោះអំណោយ ដែលបានផ្ដល់ជូនប្រជាពលរដ្ឋទាំង៧គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី ២កេស និងថវិកាមួយចំនួន ដោយឡែក   នៅរសៀលថ្ងៃដដែល ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម  ស៊ុន  បានបន្តចុះសាកសួរសុខទុក្ខ អតីតយុទ្ធជនមួយគ្រួសារ គឺលោកអនុសេនីយ៍ឯក ម៉ា គឹមយុង អាយុ៧០ឆ្នាំអតីតប្រធានកងអនុសេនាធំ អាបី ខេត្តកំពង់ធំ បច្ចុប្បន្នរស់នៅភូមិអំពុះ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ  ក្នុងពិធីចុះសាកសួរសុខទុក្ខ និងស្វែងយល់ពីជីវភាពរស់នៅរបស់អតីតយុទ្ធជន   ឯកឧត្តមបានប្រគល់ ជូនអំណោយរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហ៊ុន  ម៉ាណែត  មានអង្ករចំនួន៥០គីឡូក្រាមមីចំនួន ៣កេស និងថវិកាមួយចំនួនផងដែរ។

ដោយ ប៊ុន រដ្ឋា