ខេត្តកំពង់ធំ៖ បន្ទាប់ពីមានការ ចង្អុលបង្ហាញ ពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឲ្យអនុវត្តន៍វិធានការ ជម្រុញការធ្វើបទសម្ភាសន៍ ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារ ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារកូវីដ១៩ ។
ឯកឧត្តម សោម ស៊ុន ប្រធានក្រុមការងាររបស់រដ្ឋាភិបាលថ្នាក់ខេត្ត ចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី បើកកិច្ចប្រជុំនៅសាលាឃុំបន្ទាយស្ទោង ស្រុកស្ទោងនខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ ដើម្បីជម្រុញសកម្មភាពការងារ ធ្វើបទសម្ភាសន៍ដើម្បីកំណត់អត្តសញ្ញាណកម្មគ្រួសារ របស់ប្រជាពលរដ្ឋក្រីក្រ ដែលរងគ្រោះដោយសារវិធានការ ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ១៩ ។
លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង បានបញ្ជាក់ពី ចំនួនប្រជាពលរដ្ឋទាំង១៥ ភូមិ មានសរុប ជាង បីពាន់គ្រួសារ រីឯ ប្រជាពលរដ្ឋដែលបានដាក់ពាក្យ ធ្វើបទសម្ភាសន៍សរុបមកដល់ថ្ងៃនេះមានចំនួន ១១២គ្រួសារ និងបានធ្វើការសម្ភាសន៍ជាប់ក្នុងជំហានទី ១ ក្នុងខែ ឧសភាកន្លងមកនេះ មានចំនួន ៣២គ្រួសាររួចហើយ ចំពោះ ៦៨គ្រួសារដែលដាក់ពាក្យសុំសម្ភាសន៍ថ្មីជាលើកទី២ក្នុងខែមិថុនា ឆ្នាំ២០២០នេះ បានសម្ភាសរួចចំនួន ១៩គ្រួសារ ចំពោះបងប្អូនដែលនៅសេសសល់កំពុងដំណើរការធ្វើសម្ភាសន៍បន្តបន្ទាប់ទៀត ។
ឯកឧត្ដម សោម ស៊ុន បានថ្លែងកោតសរសើរ និងអរគុណចំពោះលោកទិញ រឿន ជំទប់ទី ១ និងក្រុមការងារសម្ភាសន៍ផ្ទាល់ រួមទាំងជំនួយការឃុំ ដែលបានខិតខំ ប្រឹងប្រែងបំពេញភារកិច្ច តាមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងផែនការ ធ្វើជាសេនាធិការបានយ៉ាងល្អប្រសើរ។
ឯកឧត្តម សោម ស៊ុន បានសំណូមពរដល់អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រួមជាមួយក្រុមការងារ បន្តជម្រុញសកម្មភាពនេះបន្ថែមទៀត ដោយកំណត់ឲ្យបានច្បាស់លាស់ មិនលំអៀងមិនបក្សពួក និងគ្រួសារនិយម ត្រូវរកឱ្យឃើញគ្រួសារប្រជាពលរដ្ឋក្រីក្រពិតប្រាកដ ដើម្បីរាជរដ្ឋាភិបាលយើង ដោះស្រាយឧបត្ថម្ភជូនដល់បងប្អូនយើង ដែលរងផលប៉ះពាល់ពិតប្រាកដ និងចំគោលដៅ។
ដោយ ប៊ុន រដ្ឋា