ក្រុងប៉េកាំងៈ អាកាសយានិកចិនឬហៅថាពីឡុតចិន Pilots មកពីកងទ័ពរំដោះប្រជាជន (PLA) ដែលជាស្ថាប័នទ័ពអាកាសរបស់ប្រទេសចិន បានមកដល់ប្រទេសរុស្ស៊ីសម្រាប់ការប្រកួតប្រជែងសមត្ថភាពហោះហើរ Aviadarts-ឆ្នាំ 2014 ។ នេះបើតាមវេបសាយបរទេសចិន កាលពីថ្ងៃអង្គារ។
ព្រឹត្តិការណ៍នេះគ្រោងប្រព្រឹត្តទៅពីថ្ងៃទី 22 ខែកក្កដា ដល់ថ្ងៃទី 28 ខែកក្កដា ឆ្នាំ២០១៤ ហើយគេនឹងឃើញអ្នកបើកយន្តហោះចិនប្រកួតបើកយន្តហោះចម្បាំង SU-30 និងប្រកួតប្រជែងជាមួយសមភាគីអន្តរជាតិរបស់ពួកគេនានាបង្ហាញពីសមត្ថភាពហោះហើរនិងជំនាញផ្លូវអាកាសសម្រាប់ប្រយុទ្ធដល់តំបន់ដទៃទៀត។ បើតាម លោក Yu Hejie ដែលជាមន្ត្រីមេបញ្ជាការមួយរូបនៃទ័ពអាកាសចិន PLA បានថ្លែងថា ការចូលរួមរបស់ប្រទេសចិននៅក្នុងព្រឹត្តិការណ៍នេះបានបង្ហាញនូវការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការរវាងយោធាដ៏សកម្មរបស់ចិននិងរុស្ស៊ី។
លោក Shen Jinke អ្នកនាំពាក្យទ័ពអាកាសចិន PLA ក៏បានឱ្យដឹងថាកម្លាំងអាកាសយានិកទាំងនេះមានបំណងដើម្បីបង្កើនការផ្លាស់ប្តូរជាមួយនឹងអាកាសយានិកមកពីប្រទេសដទៃទៀតតាមរយៈការចូលរួមក្នុងការប្រកួតប្រជែងនេះ។ លោកបានបន្ថែមថានេះជាកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសចិននិងប្រទេសរុស្ស៊ី ហើយក៏មិនមែនចូលរួមមកពីភាគីទីបីណាមួយឡើយ៕